អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅលើភ្នំឱរ៉ាល់កុំកាប់ទន្រ្ទានដីព្រៃ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៥ ០៤ ២០២០៖

អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅលើភ្នំឱរ៉ាល់កុំកាប់ទន្រ្ទានដីព្រៃ ដោយទុកព្រៃកែច្នៃសំរាប់វិស័យទេសចរណ៍វិញ ដើម្បីបង្កើនប្រាក់ចំណូល។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើភ្នំឱរ៉ាល់ សូមផ្លាស់ប្តូរពីការកាប់ទន្រ្ទានដីនិងបរបាញ់សត្វ ងាយមករកចំណូលពីវិស័យទេសចរណ៍វិញតាមរយៈព្រៃឈើ ដោយការជូនភ្ញៀវទេសចរដើរកម្សាន្តក្នុងព្រៃ លក់ជាចំណីអាហារ វត្ថុអនុស្សាវរីយ៍ ជាដើម ដើម្បីបង្កើនប្រាក់ចំណូលផងនិងរក្សាបាននូវធនធានធម្មជាតិផងដែរ ។  «ភ្នំឱរ៉ាល់យើងដឹងហើយវា ១៨១៣ ម៉ែត្រ វាខ្ពស់ជាគេនៅប្រទេសកម្ពុជា យើងចង់សាបព្រួសវិស័យទេសចរណ៍ ព្រោះវិស័យទេសចរណ៍គេហៅថាវិស័យសេដ្ឋកិច្ច មួយដែលជាវិស័យសេដ្ឋកិច្ចគ្មានផ្សែង ឧស្សាហកម្មគ្មានផ្សែងពាក្យគេ ជាមាសបៃតង ។ អញ្ចឹងនៅពេលយើងទៅនោះយើងឆ្លៀតឱកាសផ្សព្វផ្សាយពុកម៉ែបងប្អូនប្រជាពលរដ្ឋអ្នកនៅជុំវិញនិង កុំឲ្យគាត់ទន្រ្ទានកាន់កាប់ដីព្រៃ កុំឲ្យគាត់កាប់ព្រៃ ទុកព្រៃ រក្សាសត្វព្រៃទុកឲ្យភ្ញៀវទេសចរទៅលេង ។ ហើយគាត់អាចដំាដំណាំផ្សេង ៗ ហើយសម្រាប់លក់ឲ្យ វិស័យទេសចរណ៍ ភ្ញៀវទេសចរដែលគាត់អញ្ជើញទៅ ។ទី២គឺគាត់អាចធ្វើជាអ្នកនាំផ្លូវទេសចរដើរលេងកម្សាន្តអីលើហ្នឹងអញ្ចឹងទៅ ។ អាហ្នឹងសុទ្ធតែបានលុយដោយស្រួលៗហើយយើងកុំបាច់ទៅចូលព្រៃ កាប់ព្រៃ ទន្រ្ទានព្រៃ កាប់ដីព្រៃ យូរៗទៅវាវិនាសហិនហោច ថ្ងៃក្រោយធម្មជាតិគឺធ្វើបាបយើងវិញ »។
ឯកឧត្តម វ៉ី សំណាង បានបន្តថា ព្រៃឈើគឺឧស្សាហកម្មគ្មានផ្សែងឬជាមាសបៃតង និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ មនុស្ស សត្វ ជាពិសេសជាគម្របធម្មជាតិដ៏សំខាន់ ដើម្បីជួយកាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ។
សូមបញ្ជាក់ថា ភ្នំឱរ៉ាល់ជាភ្នំខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា មានកំពស់ ១៨១៣ ម៉ែត្រ ដែលមានទីតាំងនៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៕