សហគមន៍ទេសចរណ៍តាតៃតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត

វិទ្យុជាតិកម្ពុជា៖ 15 ខែមេសា 2020៖

រមណីយដ្ឋានតាតៃគឺជាតំបន់ដែលមានស្ទឹងបែកជាបួនជាហេតុធើ្វអោយសំបូរត្រីដែលអាចអោយភ្ញៀវទេសចរស្ទូចលេងកំសាន្តម្យ៉ាងទៀត អាចអុំទូកកៃយ៉ាក់កំសាន្តនៅលើផ្ទៃទឹកដែលមានសំរស់ស្រស់ស្អាតមួយនេះផងដែរ។ ជាការពិតតាតៃជាតំបន់មួយដែលមានសំរស់ធម្មជាតិស្រស់ស្រកាល ដែលបងប្អូនជនរួមជាតិទាំងឡាយមិនគួរមើលរំលងឡើយ។
ដើម្បីទៅលេងកម្សាន្តនៅរមណីយដ្ឋានអេកូទេសចរណ៍តាតៃ យើង ធ្វើដំណើរចេញពីរាជធានីភ្នំពេញលើផ្លូវជាតិលេខ៤ប្រមាណជាជាង២ម៉ោងដល់ថ្នល់បំបែកស្រែអំបិល ។
លោកអ្នកធ្វើដំណើរបត់ស្តាំលើផ្លូវលេខ ៤៨កាត់វាលចូលព្រៃនិងឆ្លងកាត់ជ្រលង ដងភ្នំប្រមាណជិត២ម៉ោងបន្តទៀតបានទៅដល់បង្គោលគីឡូម៉ែត្រលេខ១៣១នោះលោកអ្នកនឹងបានទៅដល់ស្ពានធំទី៤ហៅថាស្ពានភូមិដូងស្ថិតក្នុងឃុំតាតៃស្រុកស្មាច់មានជ័យ។
ប្អូនស្រីសុកបដែលកំពុងតែឈរលក់សំបុត្រនៅក្នុងតូបសហគមន៍ក្រោមស្ពាននេះបានឲ្យ ដឹងថា សហគមន៍តាតៃបានរៀបចំដំណើរការតាំងពីឆ្នាំ២០០៨ដែលមានប្រជាសហគមន៍ទាំងខាងលើ និងខាងក្រោមខ្សែទឹកនៃស្ពានតាតៃចំនួនជាង២០០គ្រួសារ។
ដោយសារតែសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលព្រមទាំងការផ្សព្វផ្សាយតាមរយៈបទចម្រៀងបានធ្វើឲ្យកាន់តែបង្កើនចំនួនភ្ញៀវទេសចរណ៍ទៅលេងនៅតាតៃ ។ចំណីអារម្មណ៏នៃរមណីយដ្ឋានធម្មជាតិតាមដងព្រែកតាតៃគឺបានបង្ហាញសម្រស់ ធម្មជាតិពិតៗ។បើគិត ចំងាយពីទីនេះទៅដល់ទីរួមខេត្តវិញនោះមានចម្ងាយប្រមាណជា២០គីឡូម៉ែត្រទៀតតែប៉ុណ្ណោះ។
មនុស្សជាច្រើនបានជិះលើកាណូត(ទូកម៉ាស៊ីន)ធ្វើដំណើរទៅផ្នែកខាងក្រោមនៃស្ពានព្រែកតាតៃ គយគន់ព្រៃព្រឹក្សាតាមដងព្រែកនិងតាមជ្រលងភ្នំ ឃើញមានដើមឈើព្រៃជាច្រើនក្រៅពីដើមឈើ ហូបផ្លែដែលបងប្អូនប្រជាពលរដ្ឋដាំដុះក្នុងភូមិតាមមាត់ព្រែកដូចជាមង្ឃុត សាវម៉ាវ ភ្ញៀវ និងធូរ៉េនជាដើម។យើងសង្កេតឃើញមានដូចជាដើមត្របែកព្រៃ ក្ងាន ឈើទាល ដើមចាក ក្របាស់ព្រៃ ដើមក្រញឹប អង្គារសីលនិងដើមកោងកាងជាដើម។ធ្វើដំណើរកាន់តែជិតដល់ព្រែកបែកជាបួនយើងបានឃើញរីស៊តហ្វរ័រីវឺធ្វើបណ្តែតនៅលើផ្ទៃទឹកនៅផ្នែកខាងឆ្វេងដៃ។ម៉ាស៊ីនកាណូតបានបង្អង់ល្បឿនយឺតៗ ក្រុមអ្នកទេសចរបានគយគន់និងចាប់ផ្តើមលើកទូរស័ព្ទ ឬក៏កាំម៉ារ៉ាដើម្បីថតនិងផ្តិតយករួបភាពនិងទេសភាពនៃព្រៃព្រឹក្សាព្រមទាំងរីហ្សតហ្វ័ររីវឺ។
លោក ធិន សម្បត្តិជាប្រធានសហគមន៍តាតៃបានឲ្យដឹងថាពីស្ពានតាតៃរហូតដល់សមុទ្រមានចម្ងាយប្រមាណ៣០ទៅ៤៩គីឡូម៉ែត្រ ។
លោក ប្រធានសហគមន៍តាតៃបានឲ្យដឹងថា៖ប្រជាក្នុងសហគមន៍ទាំងមូលបើមានលទ្ធភាពមានសិទ្ធក្នុងការយកទូកឬកាណូតមក ទទួលដឹកភ្ញៀវ ដូចៗគ្នាដើម្បី រកកំរៃសំរាប់គ្រួសារ មិនដណ្តើមភ្ញៀវគ្នា រក្សាបាននូវសណ្តាប់ធ្នាប់។
ទេសភាពព្រៃព្រឹក្សាព្រមទាំង សំលេងឆ្លងឆ្លើយសត្វបក្សីបក្សាហោះហើរត្រសងលើវេហានិង ស្តាប់ទៅហាក់បីដូចជាបណ្តែតអារម្មណ៍ក្នុងធម្មជាតិដ៏ស្រស់ត្រកាលក្នុងចិត្តជាអនេកពន់ពេកណាស់។អី្វដែលរឹតតែពិសេសជាងនេះទៀតគឺមានតំបន់ទឹកធ្លាក់មាន២ជាន់ដែលជាន់ទី១ មានកម្ពស់៥ទៅ៦ម៉ែត្រជាជម្រាល។ជាន់ទី២មានកម្ពស់១២ទៅ១៥ម៉ែត្រ។លោក ធិនសម្បត្តិជាប្រធានសហគមន៍តាតៃមានប្រសាសន៍ពីការជួយទ្រទ្រង់ដល់ប្រជាសហគមន៍ដែលមានជីវភាពខ្សត់ខ្សោយនិងជួបបញ្ហាសុខភាពទៅតាមកំរិតធនធានដែលសហគមន៍មានលទ្ធភាព។
Clip6«នៅតាតៃនេះសំខាន់បំផុតនោះវាមានរមណីយដ្ឋានទឹកធ្លាក់និងវាស្អាតរដូវវស្សាក៏ដោយរដូវប្រាំងក៏ដោយក៏នៅតែមានទឹកធ្លាក់ល្អ ទេសភាពល្អ និងមានអនាម័យបានល្អអញ្ចឹងនិងទី១ ឯទី២មានចំការផ្លែឈើដែលគួរឲ្យចាប់អារម្មណ៍ មាន ធូរ៉េន មង្ឃុត សាវម៉ាវអីអញ្ចឹងទៅ បើបងប្អូនមកចំរដូវជាពិសេសរដូវនិងខែ៦ខែ៧និងវាសំបូរណាស់ ហើយផ្លែឈើគឺជាធម្មជាតិសុទ្ធៗ ។ហើយម៉្យាងទៀតខាងនេសាទខាងអីៗនិងអត់មានដាក់ជាតិគីមីទេគឺបរិសុទ្ធទាំងអស់ ហើយជាពិសេសយើង ជិះទូកតាមដងព្រែកនិងបានឃើញព្រៃភ្នំអីនិងទេសភាពស្អាតជាងគេ។សំនួរ ៖អញ្ចឹងគ្រឿងសមុទ្រដែលបងមានប្រសាសន៍អម្បាញ់ម៉ិញនិងមានលក់នៅទីនិងដែរឬបង ? ឆ្លើយ៖ បាទមានៗបង ។សួរ ៖មានស្អីខ្លះ?ឆ្លើយ៖មានបង្គារ ក្តាម បង្កង ហើយត្រី ។ត្រីសមុទ្រត្រីអីបាទ។សួរ៖តើគេលក់នៅត្រង់ណាដូចជាមិនឃើញ? ឆ្លើយ ៖អឺបងប្អូនប្រជាពលរដ្ឋគាត់រកបានទៅគាត់លក់ឲ្យតាមផ្ទះដែលគាត់លក់បាយអាហាភោជនីយដ្ឋាននិងណាហើយយើងអាចកុម្មង់តាមនិងហើយបើចៃដន្យបើមានអ្នកដំណើរបានឃើញក៏បានទិញយកទៅផ្ទាល់ទៅក៏មាន »។
ត្រឡប់ពីព្រែកតាតៃខាងក្រោមក្រុមអ្នកទេសចរអាចបន្តដំណើរឆ្ពោះទៅតាតៃខាងលើបានឈប់នៅចំណតទូកឃើញពីចំងាយទឹកធ្លាក់ពីរជាន់ និងនាំគ្នាចុះមុជទឹកឆ្ងាយពីនោះប្រមាណជាជាង១០០ម៉ែត្រ ដែលមានភាពសប្បាយរីករាយ ដែលម្នាក់ៗមិនអាចបំភ្លេចបានឡើយ៕