បុណ្យចូលឆ្នាំថ្មីបង្កប់អត្ថន័យសប្បាយរីករាយផង រួមទំាងបំពេញកុសលផល

វិទ្យុជាតិកម្ពុជា៖ 04 15 2020៖

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មហាសង្រ្កាន្តឆ្នាំជូត ទោស័កព្រះពុទ្ធសករាជ ២៥៦៤នឹងចូលមកដល់នៅវេលាម៉ោង២០:៤៨នាទីយប់ ថ្ងៃចន្ទ័ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០។
ក្នុងអំទ្បុងនៃពិធីបុណ្យនេះ ពុទ្ធបរិស័ទខ្មែរ នៅតាមក្រសួង មន្ទីរ ស្ថាប័ននានា និងនៅតាមទីគេហដ្ឋានមានក្រុមគ្រួសារខ្លះ ក៏មានធ្វើពិធីសង្ឃទានផងដែរ។ រីឯកូនចៅខ្លះ ក៏បានធ្វើពិធី បង្សុកូលនៅចាយតេយ៍ជូនឳពុកម្តាយ ជីដូន ជីតា ដើម្បីឧទ្ទិសមគ្គផល ជូនទៅដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ទទួលយកនូវបុណ្យកុសល ដែលកូនចៅឧទ្ទិសបញ្ជូន ទៅងាកក្រោយឲ្យពរជ័យដល់កូនចៅជួបសេចតែសេចក្តីសុខសប្បាយ និងរកទទួលទានមានបាន។ នៅក្នុងឱកាសនោះដែរក៏មានការជូនលុយកាក់ សម្លៀកបំពាក់ដល់លោក អ្នកមានគុណដែលត្រូវបានចាត់ទុកជាព្រះរស់។
បើតាមទំនៀមទំលាប់នៅក្នុងរដូវបុណ្យចូលឆ្នាំម្តងៗប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា តែងតែធ្វើពិធី សូត្រមន្តប្រោសព្រំលើករាសីក្នុងគេហឋាន កន្លែងធ្វើការ ធ្វើសង្ឃទានជូនលោកអ្នកមានគុណ ដើម្បីសុំសេចក្តីសុខចំរើនក្នុងឆ្នាំថ្មី ។ ជូនលុកកាក់ សម្លៀកបំពាក់ នំចំណី ផ្លែឈើ ភេសជ្ជៈទៅឳពុក ម្តាយ ដើម្បីសុំពរជ័យពីលោកទាំងពីរឲ្យរកទទួលទានមានបាន។
ជាទម្លាប់ប្រជាពលរដ្ឋតែងធ្វើ ចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់ញាតិសណ្តាន។ ក្នុងនោះ ក៏មានការអុជធូបទានថ្វាយ ផ្កាភ្ញីដល់ព្រះបដិមា ការរាប់បាត ពូនភ្នំអង្ករ ពូនភ្នំខ្សាច់ និង ការស្រង់ ព្រះជាដើម។
បន្ថែមពីនេះទៀតក្នុងពិធីបុណ្យចូលឆ្នាំគឺមានកម្មវិធីសប្បាយៗជាច្រើនទៀតទំាងការរាំច្រៀង និងលេងល្បែងប្រជាប្រិយទៅតាមទំនៀមទម្លាប់ខ្មែរ។
ដោយសារតែឆ្នាំនេះមានបញ្ហាជម្ងឺរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយបានណែនាំឲ្យប្រជាពលរដ្ឋទៅ បំពេញការងារជាធម្មតាទំាងស្ថាប័រដ្ឋទំាងឯកជន ប៉ុន្តែប្រជាពលរដ្ឋអាចប្រតិបត្តិទទួលទេព្តាឆ្នាំថ្មី ទៅតាមប្រពៃណីទំនៀបទំលាប់នៅផ្ទះរៀងខ្លួន ហើយកាត់បន្ថយការជួបជុំ ដើម្បីការពារកុំអោយ ឆ្លងជម្ងឺកូវីដ១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងទៅសហគមន៍។
ឯកឧត្តម ញាណ ភឿន រដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា និងជាសមាជិក គណៈកម្មាធិកាជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា
ក្នុងឱកាសឆ្នាំនេះប្រជាពលរដ្ឋទូទៅអាចនាំគ្នារៀបចំបាយ ម្ហូប សំលៀកបំពាក់ និងថវិកាផ្ទាល់ខ្លួនជូនឪពុកម្តាយនិងសាច់ញ្ញាតិបងប្អូន ដោយពុំចាំបាច់មានមនុស្សចូលរួមអ៊ូអរច្រើនឡើយ។
ក្នុងន័យកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ និងរំលឹកនឹកគុណដល់អ្នកដែលមានគុណនិងគ្រូបាធ្យាយជាដើម។
សំឡេង:ចូលដល់ឆ្នាំថ្មីយើងត្រូវជម្រះនូវឧបទ្រពចង្រៃគ្រប់បែបយ៉ាងដូចជាមានចិត្តជាអកុសលសព្វគ្រប់បែបយ៉ាងដែលមានកន្លងមកយើងត្រូវជម្រះចេញឆ្នាំថ្មីយើងត្រូវធ្វើឲ្យបានល្អលក្ខណៈល្អប្រពៃនៃព្រះពុទ្ធសាសនារបស់យើងសំខាន់ជាងគេដែលក្នុងនោះទី ១ទក្ខិណានុប្បទានឧទ្ទិសកុសលដល់បុព្វការីជនមានមាតាបិតាជីដូនជីតាទាំង ៧សន្តានដែលលោករំលាយក្ខន្ធទៅកាន់លោកខាងមុខហើយហើយកូនចៅត្រូវមានការដឹងគុណចំពោះបុព្វការីជនមាតាបិតាគ្រូឧប្ឈាយាចារ្យជាដើមនេះ។
សូមបញ្ជាក់ថា ពិធីបុណ្យប្រពៃណិជាតិតែងធ្វើជារៀងរាល់ឆ្នាំនៅ ខែចែត្រ ជាខែដែលប្រជាជន ខ្មែរទំនេរពីការងារស្រែចំការតែងតែមកជួបជុំគ្នា ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួកគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទីឆ្ងាយ ៗ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សួរសុខទុក្ខគ្នា ដើម្បីបន្ថូរការនឹករឭក និងបំបាត់ការនឿយហត់ពីការងារ ពិសេសការតបគុណចំពោះមាតាបិតានិងអ្នកដែលមានគុណ។ការគោរពប្រតិបត្តិព្រលឹងវិញ្ញាណដូនតា និង ការប្រតិបត្តិទំនៀមផ្សេងៗ គឺសីលធម៌នៃការ ដឹងគុណ តបគុណដ៏ប្រពៃរបស់កូនចៅ ចំពោះ លោកអ្នកមានគុណ។ ទង្វើរនេះ ត្រូវបាន ពុទ្ធសាសនិកខ្មែរគោរព ជាទំលាប់តៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ។ ការធ្វើដូច្នេះក៏ព្រោះ តែមានជំនឿថា ខ្លួន និង ក្រុមគ្រួសារទទួលបាននូវសេចក្តីសុខចំរើន និង រកទទួលទានមានបាន។។
បន្ថែមពីនេះទៀតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានចាត់ទុកជាមង្គលសិរីសួស្តី និងភាពសប្បាយរីករាយនៅក្នុងប្រជាជាតិខ្មែរទំាងមូល។