ក្រសួងសុខាភិបាល ទទួលអំណោយសម្ភារបរិក្ខារវេជ្ជសាស្ដ្រមួយកុងតឺន័រ និងម៉ាសពេទ្យចំនួន១០ម៉ឺន ពីសម្តេចតេជោ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អុី កនិកា ១៥.មេសា.២០២០៖

ក្រសួងសុខាភិបាល ទទួលអំណោយសម្ភារបរិក្ខារវេជ្ជសាស្ដ្រមួយកុងតឺន័រ និងម៉ាសពេទ្យចំនួន១០ម៉ឺន ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីរួមចំណែកក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ។
ក្នុងពិធីប្រគល់-ទទួលអំណោយសម្ភារបរិក្ខារវេជ្ជសាស្ដ្រ និងម៉ាសពេទ្យចំនួន១០ម៉ឺន នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែការយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ។ក្នុងឱកាសនោះ ឯកឧត្តម បន្តអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ការរីករាលដាលនៃរីរុសកូវីស១៩ ក្នុងនោះ ការលាងសំអាតដៃជាមួយសាប៊ូ និងទឹកស្អាត អាល់កុល ឬជែលឲ្យបានញឹកញាប់គឺជាសកម្មភាពដ៏សំខាន់បំផុតដើម្បីការពារអ្នក ពីការឆ្លងនៃវីរុសនេះ ។ជាមួយគ្នានេះ ឯកឧត្តម បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពអនាម័យឲ្យបានល្អ ដើម្បីការពារពីការឆ្លង ខណៈដែលជំងឺនេះ នៅតែបន្តកើតមានឡើងនៅតាមបណ្តាប្រទេសមួយចំនួននៅឡើយ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកជាសះស្បើយកើនឡើងដល់៩៦នាក់ចំណែកអ្នកកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹម២៦នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕