នាយករដ្ឋមន្រ្តីវៀតណាមដឹកនាំកិច្ចប្រជុំកំពូលអាស៊ានបូកបី ពិសេសតាមប្រព័ន្ធអ៊ីនធឺណែត

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃទី ១៤ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានធ្វើជា​អធិបតីនៃកិច្ចប្រជុំកំពូល​អាស៊ានបូកបីពិសេសតាមប្រព័ន្ធអនឡាញជាមួយប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ស្តីពីការឆ្លើយតប​ទៅនិងជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានពិសេសលើបញ្ហាតែមួយនេះ។

កិច្ចប្រជុំកំពូលនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងជាអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Phuc បាននិយាយថា បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកកំពុង​ប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដែលបានរាលដាលដល់ជាង ២០០ប្រទេស ដែលធ្វើឱ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច និងសង្គម នៅក្នុងប្រទេសជាច្រើនរួមទាំងអាស៊ានបូកបីផងដែរ។

លោកបាននិយាយថា ដោយស្មារតីនៃ «ភាពស្អិតរមួត និងការទទួលខុសត្រូវ» សហគមន៍អាស៊ានកំពុងធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយដៃគូ និងសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។ លោកបាននិយាយបន្ថែមថា កិច្ចខិតខំប្រឹង​ប្រែងឱ្យបានទាន់ពេលវេលា និងខ្លាំងក្លាដោយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ព្រមទាំងចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់​ការរីករាលដាលនៃជំងឺរាតត្បាតនេះបានទទួលនូវលទ្ធផលគួរឱ្យលើកទឹកចិត្ត។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បណ្តាប្រទេសអាស៊ានបូកបី រីករាយនឹងប្រពៃណីនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមខាងសេដ្ឋកិច្ច គ្រោះមហន្តរាយ និងជំងឺរាតត្បាត រួមទាំងជំងឺសារស៍ (SARS) កាលពីឆ្នាំ ២០០៣ ផងដែរ។

ប្រឈមនឹងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ លោកបានគូសបញ្ជាក់អំពីភាពចាំបាច់ដើម្បីរក្សាប្រពៃណី និងបង្កើនសាមគ្គីភាពដើម្បីរួមគ្នាឆ្លងផុតគ្រាលំបាកនេះ។

លោកបានបង្ហាញជំនឿថា កិច្ចប្រជុំកំពូលនេះនឹងទទួលបានលទ្ធផលសំខាន់ៗ ដោយបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការ​ដោះស្រាយ និងជំរុញទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ ស្ដារស្ថិរភាពសង្គម-សេដ្ឋកិច្ច និងធានាបាននូវការរស់នៅប្រកប​ដោយសុខសន្តិភាពរបស់ប្រជាជន ដោយក្នុងនោះប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងមានតួនាទីយ៉ាងសំខាន់៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)