សម្តេចប្រមុខរដ្ឋស្តីទី សង្ឃឹមថា ឯកអគ្គរដ្ឋទូតទីម័រឡេស្តេថ្មី នឹងពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើនការវិនិយោគលើគ្រប់វិស័យរវាងប្រទេសទាំងពីរ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៥ ០៤ ២០៖

សម្តេចប្រមុខរដ្ឋស្តីទី សង្ឃឹមថា ឯកអគ្គរដ្ឋទូតទីម័រឡេស្តេថ្មី នឹងពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើនការវិនិយោគលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ក្នុងជំនួបចូលជូនសារតាំង និងសម្តែងការគួរសមជាមួយ ឯកឧត្តម Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញអំពី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាម រយៈការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាពិសសនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
សម្តេចជឿជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងខិតខំពង្រឹងពង្រីកនូវចំណង មិត្តភាព កិច្ចសហប្រតិបត្តិការ និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និង ទេសចរណ៍ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ឯកឧត្តម Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេប្រចាំកម្ពុជា បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានក្លាយជាសមាជិកអាស៊ាននាពេលខាងមុខ៕