ក្រសូងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ណែនាំប្រជាពលរដ្ឋទាំងអស់ ពិនិត្យឱ្យបានត្រឹមត្រូវ មុនពេលទិញនូវទឹកអាល់កុលនិងផលិតផលលាងដៃ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖ក្រសូងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ណែនាំប្រជាពលរដ្ឋទាំងអស់ ពិនិត្យឱ្យបានត្រឹមត្រូវ មុនពេល ទិញនូវ ទឹកអាល់កុលនិងផលិតផលលាងដៃ ខណៈដែលក្រសួងចាប់បាននូវផលិតផលពុំមានគុណភាពនិងគ្មានការបញ្ជីផលិតផលច្បាស់លាស់ ។
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសូងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានឲ្យដឹងថា ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូលកំពុងទទួលនូវការទន្ទ្រាន និងរាតត្បាតជាលក្ខណៈសកលនូវមេរោគដ៏កាចសាហាវកូវីដ-១៩ (Cood-19) ការប្រើប្រាស់ផលិតផលទឹកអាល់កុល ក៏ដូចជាផលិតផលលាងសម្អាតដៃ និងផលិតផលផ្សេងទៀត គឺជាវិធានការមួយក្នុងចំណោមវិធានការដ៏ចាំបាច់មួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់នូវការឆ្លង និងរាតត្បាតនៃមេរោគកូវីដ-១៩ (Covid-19) នេះ ។
ក្រសួងដដែលបន្តថា តាមការអង្កេតនិងពិនិត្យ នៅលើទីផ្សារបច្ចុប្បន្ន ឃើញថា មានការផ្សព្វផ្សាយលក់ និងកំពុងចរាចរលក់ផលិតផលអាល់កុល ក៏ដូចផលិតផលលាងសម្អាតដៃ និងផលិតផលផ្សេងទៀត សម្រាប់ការពារ និងទប់ស្កាត់នូវការឆ្លងមេរោគកូវីដ-១៩(Covid-19) ដោយពុំមានការត្រួតពិនិត្យគុណភាព និងគ្មានការចុះបញ្ជីផលិតផលច្បាស់លាស់ទៀតផង ។
ម្យ៉ាងវិញទៀត នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានធ្វើតេស្តលើផលិតផលមួយចំនួន (ពុំមានបញ្ជាក់លក្ខណៈគុណភាព និងការចុះបញ្ជីផលិតផលត្រឹមត្រូវ) ដែលកំពុងចរាចរនៅលើទីផ្សារ នោះជាលទ្ធផលបង្ហាញឱ្យឃើញថា ផលិតផលទឹកអាល់កុល ក៏ដូចជាផលិតផលលាងដៃមួយចំនួន មានបរិមាណអេតាណុល (អាល់កុល) ក្នុងកម្រិតមួយដែលមិនអាចសម្លាប់មេរោគបានឡើយ ហើយផលិតផលមួយចំនួនទៀតមានបរិមាណមេតាណុល ក្នុងកម្រិត មួយដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពនិងសុវត្ថិភាពទៀតផង។
ដូច្នេះដើម្បីជៀសវាងនូវការបង់ខាតថវិកា និងផលប៉ះពាល់ដល់សុខភាព ក៏ដូចជាសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ក្រសួង សូម បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ និងពិនិត្យឱ្យបានត្រឹមត្រូវមុនពេលធ្វើការទិញនូវផលិតផលទាំងនោះយកទៅប្រើប្រាស់ ៕