ល្បែងទាញព្រ័តបង្កប់អត្ថន័យរឿងទេវកថានិងការសាមគ្គីភាព

វិទ្យុជាតិកម្ពុជា៖
MC: ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។
ល្បែងនេះគេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។
ឯកឧត្ដម ញាណ ភឿន ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជារដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ល្បែងទាញព្រ័តនេះមិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយ និងការសាកកម្លាំងគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទំាងបង្ហាញពីការរឹតចំណងសាមគ្គីភាព ប្រៀបបីដូចទៅនឹងរឿងកូសមុទ្ទទឹកដោះ។
ឯកឧត្ដមបន្ថែមថា ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ ត្រូវរួមកម្លាំងគ្នា ដោយឥតរាថយ ពួកគេត្រូវសាមគ្គឺគ្នា និងប្រើកម្លាំងរួមគ្នាជាធ្លុងមួយ ព្រមទាំងបញ្ចេញសមត្ថភាពឲ្យអស់ពីក្នុងខ្លួន ដើម្បីយកឈ្នះ ហើយល្បែងទាញ ព្រ័ត្រនេះ គឺមានដំណាលរឿងពីបុរាណខ្មែរយើង នៅក្នុង
រឿងកូរសមុទ្រទឹកដោះ ។
សំឡេង ៖ ល្បែងទាញព្រ័ត្រគឺជាកំលាំងព្រួត កំលាំងតស៊ូ ធ្វើអោយមានផ្នែកខាងកំលាំងយិតទាញមក ដើម្បីហាត់កាយសម្ព័ន្ធរបស់ខ្លួនអោយមានភាពខ្លាំងឡើង ដោយមានទាក់នៅក្នុងរឿងព្រេងបុរាណខ្មែរ និងរឿងកូរសមុទ្រទឹកដោះ ដែលមានទេវតានិងពូជយក្ស បានកូរយកភ្នំមន្តរៈ យកស្រកីមកព័ទ្ធភ្នំ ចាប់កន្ទាក់ទាញបង្វិលភ្នំ ដើម្បីកូរសមុទ្រទឹកដោះ នេះនៅក្នុងរឿងខ្មែរយើងដែលនិយាយពីកំលាំងតស៊ូ គឺនៅមានរឿងជាច្រើនទៀតដែលបង្ហាញពីកំលាំងតស៊ូ ដែលបង្កប់អាកំបាំងនៅក្នុងល្បែងប្រជាប្រិយខ្មែររបស់យើង ។
របៀបលេងល្បែងទាញព្រ័តនេះមានសមាសភាពនៃអ្នកលេងគេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។
គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូង។
របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយអោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន ឯមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំងខ្សោយៗ គេអោយឈរកណ្ដាលគេ។
លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គងម៉ង់រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។
ឯអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះតែបញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។
ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ ល្បែងនេះចាត់ទុកជាការហាត់កំលាំង ហាត់ប្រាណអោយរាងកាយមានកំលាំងមានសុខ ភាពល្អ។
សូមបញ្ជាក់ថា ល្បែងទាញព្រ័ត្រគឺជាល្បែងប្រពៃណីជាតិខ្មែរ ដោយត្រូវបានគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូបានសម្រេច បញ្ជូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ៕