សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ានបើកកិច្ចប្រជុំកំពូលអាស៊ានបូក៣ តាម Video Conference

វិទ្យុជាតិកម្ពុុជាលោក៖ជៀងយ៉ារ៉េេត

នៅរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០ ២០ នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ានពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និងមេដឹកនាំអាស៊ានផ្សេង ទៀត បានចាប់ផ្តើមបើកកិច្ចប្រជុំកំពូលអាស៊ានបូក៣ តាម Video Conference នៅវិមានសន្តិភាព ដែលជជែកផ្តោតជាសំខាន់ទៅលើបញ្ហាបង្ក ឡើងដោយជំងឺកូវីដ១៩ ជាមួយនឹងមេដឹក នាំប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងបន្ថែមទៀត។ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ។
តាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី មានថ្លែងសុន្ទរកថាដ៏មានសារសំខាន់ចំនួន០២ ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃកូវីដ១៩នេះ។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកកិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់អាស៊ាន តាមរយៈសកម្មភាពរួមនៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នៅក្នុងការគ្រប់គ្រងជំងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរិះរកកិច្ចសហប្រតិបត្តិការជាមួយដៃ គូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ដោយសារកូវីដ១៩៕