អ្នកការទូតកំពូលរបស់រុស្ស៊ី និងអ៊ីរ៉ង់ពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹង មេរោគកូរ៉ូណាវីរុស និងការលើកទណ្ឌកម្មចំពោះថ្នាំពេទ្យ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — ក្រសួងការបរទេសរុស្ស៊ីបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងសមភាគីអ៊ីរ៉ង់ លោក Javad Zarif បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃចន្ទដោយពិភាក្សាអំពីសកម្មភាពដែលបានសម្របសម្រួល ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស និងភាពចាំបាច់នៃការដកទណ្ឌកម្មដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ថ្នាំពេទ្យ។

ក្រសួងនេះបាននិយាយថា «រដ្ឋមន្ត្រីទាំងពីរបានយកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូរ៉ណាវីរុសនេះ រួមទាំងការដកចេញនូវទណ្ឌកម្មបុគ្គលដែលមិនស្របច្បាប់ និងការរឹតត្បិតផ្សេងៗ​ទៀត ដែលទាក់ទងនឹងការផ្គត់ផ្គង់ថ្នាំពេទ្យ និងសម្ភារៈចាំបាច់មួយចំនួន»។

ក្រសួងបានចង្អុលបង្ហាញថា អ្នកការទូតទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាទៅលើបញ្ហាសំខាន់ៗនៃរបៀបវារៈអន្ដរជាតិផងដែរ ដោយសង្កត់ធ្ងន់ទៅលើកិច្ចអភិវឌ្ឍន៍ស្ថានការណ៍នៅអាហ្វហ្គានីស្ថានដោយផ្តល់នូវតួនាទីរបស់រដ្ឋនេះនៅក្នុងតំបន់។ ក្រសួងការបរទេស​បាននិយាយថា «ពួកគេក៏បានបង្ហាញអំពីចក្ខុវិស័យសម្រាប់ការជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយនៅក្នុងប្រទេស​យេម៉ែន ដោយយោងទៅតាមសំណើថ្មីៗនេះរបស់អង្គការសហប្រជាជាតិ»។

អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ម្តងហើយម្តងទៀតថា ការរឹតត្បិតរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងតេហេរ៉ង់កំពុងរារាំងដល់ការ​ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាវីរុស។ យោងតាមអ៊ីរ៉ង់បានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបាន​រារាំងការនាំចូលទំនិញមនុស្សធម៌ ដែលរួមមានអាហារ និងថ្នាំពេទ្យ៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)