អត្ថបទយល់ដឹងស្តីអំពី«ទេពធីតាទាំង៧ព្រះអង្គរបស់កបិលមហាព្រហ្ម»

វិទ្យុជាតិកម្ពុជា៖ លោកហុកសុខរិន

MC:  ជារៀងរាល់ឆ្នាំ ជនជាតិខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី ១៣ ខែមេសា (យូរៗម្ដង ថ្ងៃ ១៤ ឬ ១៥ ឬ ១៦ ខែមេសា) ត្រូវនឹងខែចេត្រ ឬពិសាខ នៃចន្ទគតិ។

បើតាមក្បួនតម្រាទេពធីតាមហាសង្ក្រាន្ត និងគ្រឿងអភរណបានឲ្យដឹងថា

ទី១៖ បើសង្ក្រាន្តជាថ្ងៃអាទិត្យ ទេពធីតាព្រះនាម «ទុង្សទេវី» សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាជ ភក្សាហារផ្លែឧទុម្ពរ (ផ្លៃល្វា) អាវុធស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈជាសត្វគ្រុឌ។

ទី២៖ បើថ្ងៃចន្ទ ទេពធីតាព្រះនាម «គោរាគទេវី» សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់កែវបុក្តា (គជខ្យង) ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈសត្វខ្លា។

ទី៣៖ បើថ្ងៃអង្គារ ទេពធីតាព្រះនាម «គោរាក្សសាទេវី» សៀតផ្កាឈូក គ្រឿងប្រដាប់កែវមោរា (ត្បូងកែវរាងមូល) ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ (លំពែងផ្លែ៣) ឆ្វេងធ្នូ ពាហនៈសត្វសេះ។

ទី៤៖ បើថ្ងៃពុធ ទេពធីតាព្រះនាម «មណ្ឌាទេវី» សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ (កែវ) ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈសត្វលា។

ទី៥៖ បើថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម «កិរិណីទេវី» សៀតផ្កាមណ្ឌា គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ (ដង្កាវដំរី) ឆ្វេងកាំភ្លើង ពាហនៈសត្វដំរី។

ទី៦៖ បើថ្ងៃសុក្រ ទេពធីតាព្រះនាម «កិមិរាទេវី» សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈសត្វក្របី។

ទី៧៖ បើថ្ងៃសៅរ៍ ទេពធីតាព្រះនាម «មហោទរាទេវី» សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈសត្វក្ងោក។

ឯកឧត្តម ញាណ ភឿន​រដ្ឋលេខាធិការក្រសួងក្រសួងធម្មការនិង​​សាសនាបានប្រា​ប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ ៖ ពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ, សំអាតផ្ទះសម្បែង, រែកទឹកដាក់ពាង, រកអុសទុក, និង កាត់សំលៀកបំពាក់ថ្មីៗ ជាដើម ។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មីមាន ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។ ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនីខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សំរាប់ទទួលទេព្តាថ្មី ។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខចម្រើន គ្រប់ប្រការ ពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និង ក្រយាស្ងើយ ដាក់ថ្វាយទេព្តោនាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ ។

ឯកឧត្តមបានបញ្ជាក់ថា ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃ ឡើងស័ក។ រីឯការកំណត់ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត។ ឯកឧត្តមបន្តថា សម្រាប់ ឆ្នាំនេះបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ដោយសារតែឆ្នាំនេះ ថ្ងៃវនបត មានចំនួន២ថ្ងៃ។

ឯកឧត្តម ញៀន ភឿនបញ្ជាក់អំពីមូលហេតុដែលឆ្នាំនេះមានថ្ងៃវារៈវ័នបទ ដល់ទៅរយៈពេល២ថ្ងៃ។សំលេងទី៨« នៅខាងក្នុងហ្នឹងចំនួន៨០០ឆ្នាំហ្នឹងវាមានជាង១០០ឆ្នាំ ដែលត្រូវបាន      វារៈវ័នបទ២ អានេះទៅតាមលេខគុណគូរបស់ហោរាសាស្ត្រ វាជាលកខណៈគណិតវិទ្យាសុទ្ធសាធ ចឹងនៅក្នុងឆ្នាំដែលលេខវាត្រូវឡើងរឺចុះ លេខហ្នឹងវាអាច៣ឆ្នាំម្ដង វាអាច១០ឆ្នាំម្ដង វាអាច១៤ឆ្នាំម្ដង  ដូចយើង១៤ឆ្នាំហើយ កាលពីឆ្នាំ២០០២ មកដល់២០១៦វាឡើង១៤ឆ្នាំហើយ ឆ្នាំក្រោយអាចថា៣ឆ្នាំវាដល់ម្ដង ចឹងអាហ្នឹងវាជាឆ្នាំគុណគូរបស់ហោរាទេ»។

សូមបញ្ជាក់ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទំាង៣ ថ្ងៃ ប្រជាពលរដ្ឋខ្មែរ តែងនិយមនៅ៖

ថ្ងៃទី ១៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងធម្មទេសនា។

ទីថ្ងៃទី ២៖ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀតហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។

 

និងថ្ងៃទី ៣៖ ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ ។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម ៕