លោក បូរីស ចនសុន ធ្វើតេស្តអវិជ្ជមានមេរោគកូរ៉ូណាវីរុស ពេលលោកចេញពីមន្ទីរពេទ្យ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចុនសុន ត្រូវបានចាកចេញពីមន្ទីរពេទ្យ St. Thomas ក្នុងទី​ក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ ដើម្បីបន្តការព្យាបាលនៅឯគេហដ្ឋានផ្លូវការនៃប្រទេសអង់គ្លេសរបស់លោកនាយករដ្ឋមន្ត្រីរូបនេះ។

កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថា នាយករដ្ឋមន្រ្តីរូបនេះបានធ្វើ​តេស្តអវិជ្ជមានចំពោះមេរោគឆ្លងកូរ៉ូណាវីរុស មុនពេលលោកត្រូវបានគេឱ្យចាកចេញពីមន្ទីរពេទ្យម៉្លេះ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់បន្ថែមទៀតថា លោក ចនសុន នឹងធ្វើតាមដំបូន្មានវេជ្ជសាស្រ្តថា តើពេលណាគាត់គួរតែវិល​ត្រឡប់មកធ្វើការងារវិញ។

អ្នកនាំពាក្យរូបនេះបាននិយាយថា «លោកត្រូវបានគេឱ្យចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ ហើយការសម្រេចចិត្តណាមួយ​ដែលគាត់បានធ្វើ បានទាក់ទងនឹងពេលគាត់វិលត្រឡប់មកធ្វើការងាររដ្ឋាភិបាលវិញ គឺធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យរបស់លោក»។

អ្នកនាំពាក្យបាននិយាយបន្ថែមទៀតថា ការធ្វើតេស្តរកមេរោគឆ្លងសរុបមានចំនួន ១៨.០០០នាក់ ត្រូវបានធ្វើឡើងនៅក្នុង​ចក្រភពអង់គ្លេសក្នុងរយៈពេល ២៤ម៉ោង ហើយប្រទេសនេះកំពុងមានដំណើរការល្អឆ្ពោះទៅរកគោលដៅនៃការធ្វើតេស្ត ១០០.០០០នាក់​ក្នុងមួយថ្ងៃ។

អ្នកនាំពាក្យរូបនេះបាននិយាយថា «សមត្ថភាពថ្មីកំពុងដំណើរការគ្រប់ពេលវេលា ហើយខ្ញុំគិតថា យើងកំពុងមានដំណើរការ​ល្អ»។

គិតត្រឹមថ្ងៃចន្ទនេះ អង្គការសុខភាពពិភពលោកបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ប្រមាណជិត ៧៩.០០០ករណីនៅក្នុង​ប្រទេសអង់គ្លេស និងជិត ១០.០០០នាក់បានស្លាប់៕

(ប្រភព ​Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)