ក្រុមហ៊ុនកូរ៉េខាងត្បូងពីរនាំចេញឧបករណ៍ធ្វើតេស្តរកមេរោគកូរ៉ូណាវីរុស ទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន ២ ត្រូវបានគេរំពឹងថា នឹងបញ្ជូនឧបករណ៍ធ្វើតេស្តរកមេរោគឆ្លងកូរ៉ូណាវីរុសទៅកាន់សហរដ្ឋអាមេរិកតាមរយៈយន្តហោះនៅក្នុងសប្តាហ៍​នេះ បន្ទាប់ពីផលិតផលរបស់ពួកគេទទួលបានការយល់ព្រមបណ្តោះអាសន្នពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)។

ក្រុមហ៊ុនទាំងពីរនេះ និងក្រុមហ៊ុនមួយផ្សេងទៀត បានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ននៃសហព័ន្ធសហរដ្ឋ​អាមេរិក (FEMA) ដើម្បីនាំចេញឧបករណ៍ធ្វើតេស្ត បន្ទាប់ពីពួកគេបានឈ្នះការអនុញ្ញាតឱ្យប្រើប្រាស់មុនពេលអាសន្នពី FDA ។

មន្ត្រីជាន់ខ្ពស់ នៃក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងលក្ខខណ្ឌអនាមិកថា យន្តហោះដឹកទំនិញ​របស់សហរដ្ឋអាមេរិក Maryland នឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Incheon ភាគខាងលិចនៃទីក្រុងសេអ៊ូលនៅថ្ងៃអង្គារនេះ ដោយនាំយកឧបករណ៍ធ្វើតេស្តដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនទាំងពីរ។

ក្រុមហ៊ុនទីបី គឺផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តតាមរយៈទីភ្នាក់ងាររបស់ខ្លួនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

បរិមាណពិតប្រាកដមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ ព្រោះក្រុមហ៊ុន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រម មិនបង្ហាញព័ត៌មានលម្អិត។

ការអនុម័តបឋមរបស់ FDA ទៅលើឧបករណ៍ធ្វើតេស្តរបស់កូរ៉េខាងត្បូងបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមថា នឹងនាំចូលឧបករណ៍វេជ្ជសាស្រ្តផលិតនៅប្រទេសកូរ៉េខាងត្បូងដើម្បីប្រយុទ្ធប្រឆាំងនឹងការ​ផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទរបស់លោកជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កាលពីពេល​ថ្មីៗនេះ។

ក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្តក្នុងស្រុកជាច្រើនត្រូវបានគេរំពឹងថា នឹងទទួលបានការយល់ព្រមដោយសារតែតម្រូវការខ្ពស់​សម្រាប់ឧបករណ៍ធ្វើរោគវិនិច្ឆ័យនេះ ចំពេលមានស្ថានភាពបន្ទាន់នៅក្នុងសហរដ្ឋអាមេរិកដែលបច្ចុប្បន្នប្រទេសនេះមានចំនួនអ្នកផ្ទុក​មេរោគកូរ៉ូណាវីរុសខ្ពស់បំផុត ដែលមានចំនួនជាង ៥៥៧.០០០នាក់៕

(ប្រភព ​Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)