ប្រទេសសិង្ហបុរីចំណាយថវិកា ៦,៣ប៊ីលានដុល្លារអាម៉េរិក ដើម្បីជួយគាំទ្រដល់ក្រុមគ្រួសារ និងក្រុមហ៊ុនអាជីវកម្ម

AKPភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសិង្ហបុរី លោក Heng Swee Keat បាននិយាយថា ទឹកប្រាក់ជំនួយគាំទ្រចំនួន ៩ប៊ីលានដុល្លារសិង្ហបុរី (៦,៣ប៊ីលានដុល្លារអាម៉េរិក) នឹងត្រូវបានផ្តល់ដល់ក្រុមគ្រួសារ និង​ក្រុមហ៊ុនអាជីវកម្មនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងខែមេសានេះ ដែលជាផ្នែកមួយនៃវិធានការណ៍ដើម្បីជួយពួកគេឱ្យជៀសផុតពីការលំបាក​នានា។

ដូច្នោះហើយ ៩០ភាគរយនៃប្រជាជនសិង្ហបុរីដែលពេញវ័យនឹងទទួលបានប្រាក់សំណងចំនួន ៦០០ដុល្លារសិង្ហបុរី (៤២២ដុល្លារ​អាម៉េរិក) នៅថ្ងៃទី ១៤ ខែមេសា តាមរយៈគណនីធនាគាររបស់ពួកគេ។ ហើយសម្រាប់អ្នកក្រៅពីក្រុមនេះ អាចផ្តល់ជូនរដ្ឋាភិបាលនូវ​ព័ត៌មានធនាគាររបស់ពួកគេ ហើយពួកគេនឹងទទួលបានប្រាក់នៅថ្ងៃទី ២៨ ខែមេសា ឬអាចទទួលបានជាមូលប្បទានប័ត្រតែម្តងចាប់ពី​ថ្ងៃទី ៣០ ខែមេសា តទៅ។

លោក Heng ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនសិង្ហបុរីទាំងអស់នឹងទទួលបាន ៧៥ភាគរយនៃទឹកប្រាក់ដំបូងដែលមាន​ចំនួន ៤.៦០០ដុល្លារសិង្ហបុរី (៣.២៤៧ដុល្លារអាម៉េរិក) ដែលជាប្រាក់ឈ្នួលប្រចាំខែរបស់កម្មករក្នុងស្រុកម្នាក់ៗ ដែលបានឧបត្ថម្ភធន​ដោយរដ្ឋាភិបាលសម្រាប់ខែមេសានេះ ក្រោមគម្រោងគាំទ្រការងាររបស់ប្រទេសសិង្ហបុរី។

លោកបាននិយាយបន្ថែមថា រដ្ឋាភិបាលក៏កំពុងពិនិត្យមើល «សូចនាករផ្សេងៗទៀត» ដើម្បីអាចដឹងថា តើត្រូវការថវិកាប៉ុន្មាន​ទៀតពីទុនបម្រុងរបស់ប្រទេសនេះ ដើម្បីជួយប្រទេសសិង្ហបូរីឱ្យទទួលបានជោគជ័យពីជំងឺរាតត្បាត។

លោកបានជំរុញឱ្យក្រុមហ៊ុនអាជីវកម្ម និងប្រជាជនសិង្ហបុរី ផ្តោតការយកចិត្តទុកដាក់ទៅលើរបៀបនៃការប្រើប្រាស់ថវិកានេះឱ្យ​បានល្អបំផុតសម្រាប់ឆ្លងផុតរយៈពេលដ៏លំបាកមួយនេះ។

ប្រទេសសិង្ហបុរីបានប្រកាសកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ៥៩,៩ ប៊ីលានដុល្លារសិង្ហបុរី (៤២,១ប៊ី​លានដុល្លារអាម៉េរិក) ក្នុងរយៈពេលតិចជាងពីរខែ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ។

ជាមួយគ្នានេះដែរ កាលពីព្រឹកថ្ងៃទី ១៣ ខែមេសា ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់បន្ថែមទៀតនូវករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២ករណីទៀត ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១២២ករណី៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)