សាមគ្គីភាព គឺជាកម្លាំងនៅក្នុងប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — កាលពីពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានសរសេរអត្ថបទមួយ ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលនៅក្នុងនោះលោកបានពណ៌នាថា សាមគ្គីភាព គឺជាកម្លាំងរបស់ក្រុមប្រទេសនៅតំបន់នោះ ក្នុងការប្រយុទ្ធប្រឆាំង។

លោកបាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ គឺជាការទទួលខុសត្រូវរួមគ្នារបស់ប្រទេសនីមួយៗ និងរដ្ឋាភិបាល ព្រមទាំងយន្តការក្នុងតំបន់ និងសកលលោក។ លោកបាននិយាយបន្ថែមថា រដ្ឋាភិបាល និងប្រជាជននៅទូទាំងពិភពលោកបានចាត់​វិធានការខ្លាំងក្លាដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួមមួយនេះ។

គួរកត់សម្គាល់ថា បណ្តាប្រទេសសមាជិកអាស៊ានបានគាំទ្រគ្នា និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ពលរដ្ឋអាស៊ាននៅក្នុង​ប្រទេសរបស់ពួកគេ។ នេះបានបង្ហាញថា ស្មារតីសាមគ្គីភាព និងកម្រិតខ្ពស់នៃកិច្ចសហប្រតិបត្តិការ ព្រមទាំងកិច្ចសម្របសម្រួលអន្តរជាតិ គឺជាកត្តាចាំបាច់។

លោក Minh បាននិយាយថា ក្នុងនាមជាអង្គការមួយដើរតួនាទីសំខាន់នៅក្នុងតំបន់ អាស៊ានគឺជាផ្ទះរួមសម្រាប់សមាជិករបស់​ខ្លួនដើម្បីជម្នះនៃការឆ្លងរាល​ដាលជំងឺរាតត្បាតនេះជាមួយគ្នា។ លោកបានសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រជាង ៥ ទសវត្សរ៍កន្លងមកនេះបាន​បង្ហាញថា អាស៊ានមានភាពរឹងមាំ បន្ទាប់ពីមានការលំបាកបញ្ហាប្រឈម និងវិបត្តិនីមួយៗមក។

ចាប់តាំងពីដើមឆ្នាំមក ប្រទេសវៀតណាមក្នុងឋានៈជាប្រធានអាស៊ានបានធ្វើការរួមគ្នាជាមួយបណ្តាប្រទេសជាសមាជិក ដើម្បី​ដាក់ចេញនូវប្រធានបទ «អាស៊ានដែលមានភាពស្អិតរមួត និងការទទួលខុសត្រូវ» សំដៅជំរុញឆ្ពោះទៅមុខក្នុងការកសាងសហគមន៍​អាស៊ាន និងនាំមកនូវការដើរតួនាទីយ៉ាងពេញលេញនៅក្នុងប្លុកនេះនៅក្នុងពិភពលោក។

ការរាតត្បាតដោយមិននឹកស្មានដល់នៃជំងឺកូវីដ-១៩ និងផលប៉ះពាល់អវិជ្ជមានដែលមិនធ្លាប់មានពីមុនមកលើគ្រប់វិស័យបាន​បង្ហាញថា ប្រធានបទ និងបាវចនានេះមានលក្ខណៈទាន់ពេលវេលា និងពាក់ព័ន្ធជាងពេលណាៗទាំងអស់។

ចាប់តាំងពីការរីករាលដាលនៃជំងឺនេះមក ប្រទេសវៀតណាម និងអាស៊ានបានបង្ហាញនូវការឆ្លើយតបយ៉ាងឆាប់រហ័ស ក៏ដូចជា​សមត្ថភាពរបស់ពួកគេក្នុងការចូលរួមក្នុងគោលនយោបាយ និងសកម្មភាពរវាងសមាជិកទាំងអស់៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)