ក្រុមសេវាដឹកជញ្ជូននិងអ្នករត់ម៉ូតូឌុបនៅតែទទួលបានឱកាសរកប្រាក់ចំណូលច្រើន

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី
Mc ៖ ក្រុមអ្នកសេវាដឹកជញ្ជូននិងអ្នកប្រកបរបររត់ម៉ូតូឌុបមិនមានបញ្ហាប្រឈមអ្វីធ្ងន់ធ្ងរនោះទេ បើទោះបីពិភពលោកកំពុងជួបការព្រួយបារម្ភពីបញ្ហាជំងឺកូវីដ-១៩ដោយ ព្រោះប្រជាពលរដ្ឋកម្ពុជា បានផ្លាស់ប្តូរទម្លាប់ពីការចេញដើរទៅខាងក្រៅ មកជាការកម្មង់ទំនិញតាមបណ្តាញសង្គមវិញ ។

លោក វង្ស សា ជាអ្នកដឹកជញ្ជូនឲ្យក្រុមហ៊ុនឯកជនមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ បាន ប្រាប់វិទ្យុជាតិកម្ពុជាថា ចាប់តាំងពីកើតមានការផ្ទុកឡើងនៃជំងឺកូវីដ១៩ ការដឹកជញ្ជូនរបស់មានការកើនឡើងជាងមុនបន្តិច ដោយសារប្រជាពលរដ្ឋកម្ពុជា បានយល់ដឹងច្បាស់ពីបញ្ហា បង្កាជំងឺកូវីដ១៩ អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈកាត់បន្ថយទៅខាងក្រៅ ។
លោកបានបន្តថា កត្តានេះហើយដែលធ្វើឲ្យសេវាកម្មដឹកជញ្ជូនរបស់គាត់មានភ្ញៀវងាកមកចាប់អារម្មណ៍ច្រើន ដែលអាចជួយឲ្យគាត់រកប្រាក់ចំណូលបន្ថែមលើការងារមួយនេះ ។
សំឡេង ៖ សម្រាប់ការដឹកជញ្ជូនរបស់ខ្ញុំរាល់ថ្ងៃនេះ អាចរកចំណូលបានគួរសម បានមធ្យម វាមិនតិចពេកវាក៏មិនច្រើនពេកដែរ យើងអាចទទួលយកបាន អាចផ្គត់ផ្គង់គ្រួសារបាន ។ហើយឥឡូវនេះប្រទេសយើងកំពុងជួបបញ្ហាកូវីដ-19 ចឹងបងប្អូនទាំងអស់ អាចប្រើសេវាកម្មខាងដឹកជញ្ជូនកម្មង់អីវ៉ាន់តាមអនឡាញវិញ គឺមានការល្អប្រសើរជាង ដែលនេះគឺជាការកាត់បន្ថយការចាកចេញពីផ្ទះ ហើយយើងអាចទទួលអីវ៉ាន់ដែលកម្មង់បានដោយពេញចិត្ត ហើយកាត់បន្ថយការចម្លងជំងឺរាតត្បាតផ្សេងៗ ដូចជាជំងឺកូវីដ-19នេះ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយសារការនៅជិតគ្នា ការប្រាស្រ័យទាក់ទង ហើយនិងការនៅជួបជុំទីប្រជុំជនច្រើន បើសិនជាអាចបងប្អូនយើងអាចប្រើប្រាស់សេវាកម្មដឹកជញ្ជូនវិញទៅ ដោយទិញអីវ៉ាន់តាមអនឡាញវិញ ព្រោះអីវ៉ាន់តាមអនឡាញមានច្រើន មានតាំងពីម្ហូបអាហារ មានតាំងពីសម្លៀកបំពាក់ មានតាំងពីភេសជ្ជៈសម្រាប់ញ៉ាំអីអញ្ចឹងខាងយើងអាចមានសេវាកម្មដឹកជញ្ជូន ឱ្យអតិថិជនទាំងអស់ ។
លោក ឈុននី ជាអ្នករកម៉ូតូឌុកម្នាក់នៅខេត្តកំពង់ចាម បាននិយាយប្រាប់វិទ្យុជាតិកម្ពុជាថា មុខរបររបស់លោកនៅតែដំណើរការជាធម្មតា ពោលគឺ ការឌុបភ្ញៀវមិនមានច្រើនដូចកាលពីមុនទៀតទេ ប៉ុន្តែការដឹកទំនិញរបស់ភ្ញៀវដែលបានកម្មង់ពីហាងឬផ្សារ ដឹកជូនដល់ផ្ទះរបស់ភ្ញៀវមានការកើនឡើង ដែលទទួលប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
សំឡេង ៖ បច្ចុប្បន្នកំពុងមានការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះ គឺខ្ញុំអត់សូវបានដឹកភ្ញៀវដូចកាលពីមុនទេ ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ គាត់ឲ្យខ្ញុំដឹកអីវ៉ាន់ពីផ្សារ យកទៅឲ្យគាត់ដល់ផ្ទះវិញ ហើយសម្រាប់ការដឹកហ្នឹង គឺគាត់បានPay លុយតាមធនាគារ ហើយខ្ញុំគ្រាន់តែដឹកអីវ៉ាន់ពីកន្លែងលក់នោះ ហើយដឹកជញ្ជូនដល់ផ្ទះគាត់ ហើយវិធីសាស្ត្របែបនេះ នៅតែអាចឲ្យខ្ញុំរកចំណូលបានជាធម្មតា ហើយឥឡូវនេះ ខ្ញុំចូលរួមការពារខ្លួន ដោយពាក់ម៉ាស និងលាងដៃជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ។
សូមបញ្ជាក់ថា មធ្យោបាយទិញលក់ទំនិញតាមបណ្តាញសង្គមនេះ ទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ក្នុងបរិបទពិភពលោកជួបបញ្ហាជម្ងឺរាតត្បាតកូវីដ១៩នេះ ដោយប្រជាពលរដ្ឋគិតថា ការប្រើប្រាស់មធ្យោបាយទិញតាមអនឡាញនេះ អាចជួយកាត់បន្ថយការចម្លងជម្ងឺកូវីដ-១៩ផងដែរ តាមរយៈការកាត់បន្ថយចេញទៅខាងក្រៅ ៕