បណ្តាប្រទេសអាស៊ាន រួមដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ជាសមរភូមិរួម

វិទ្យុជាតិកម្ពុជា៖ លោកស្រីធីណាឌីណេ

MC៖  ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា អាស៊ានត្រូវតែរួមដៃគ្នា ប្រែក្លាយការប្រយុទ្ធ​​នឹងជំងឺកូវីដ១៩ ទៅជាសមរភូមិរួម ខណះដែលការរីករាលដាលនៃជំងឺនេះ បានបង្កឲ្យមានផលប៉ះពាល់កាន់តែខ្លាំងដល់ការអភិវឌ្ឍអាស៊ាន។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពី កូវីដ១៩ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយជាមួយនិងមេដឹកនាំអាស៊ានដទៃទៀត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងបរិការណ៍សកលភាវូបនីយកម្ម និងសមារណកម្មតំបន់ ប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះ ទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ហើយ ជារួមអាស៊ានត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ១៩ ទៅជាសមរភូមិរួម។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោក៏បានចែករំលែកនូវទស្សនៈសំខាន់ៗ ៦ចំណុច ដល់សមាជិកអាស៊ានទាំងអស់ គួរគប្បីរួបរូមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

សំឡេង ទី១៖ ដោយសារកូវីដ១៩ ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ ដែលយើងមិនទាន់បានដឹង ដោយសារស៊ានត្រូវការចាំបាត់នូវ ការ លើកកម្ពស់ការចែករំលែកឲ្យបានទាន់ពេលវេលានូវឧត្តមានុវត្តន៍, ព័ត៌មាន, ទិន្នន័យ ព្រមទាំងបច្ចេកទេស បទពិសោធន៍, និងចំណេះដឹងពាល់ព័ន្ធនឹងវេជ្ជសាស្រ្ត ក្នុងការការពារ, ទប់ស្កាត់, វិនិច្ឆ័យ ,ព្យាបាល និង តាមដាន។  ការបន្ត ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអា​​ស៊ានដែល​​មានស្រាប់  ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងដៃគូសន្ទនានានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។  ពិសេសត្រូវផ្តល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក រវាងសមាជិកអាស៊ាន   ដូចជាការចែករំលែកនូវធនធានមនុស្ស  បច្ចេកទេស និងសម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត  ។ល។  ទី២៖ អាស៊ានដែលជាសហគមន៍មានវាសនារួមគ្នា គប្បីត្រូវលើកកម្ពស់ការសម្របសម្រួល  និង កិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធ  ចំពោះការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីបញ្ជៀសនូវផលប៉ះពាល់ ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ ដូចជា ការចាត់វិធានការ ជាឯកតោភាគី អាទិ៍ការ បិទច្រកឆ្លងកាត់ព្រំដែនដោយមិនបានជូនដំណឹងជាមុន ដែលអាចបង្កការប៉ះពាល់ដល់ច្រវាក់ផ្គត់ផ្គង់ផលិតកម្ម និង លំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និង សេដ្ឋកិច្ចតំបន់ ជាពិសេសការធ្វើដំណើរ, ការប្រកបមុខរបរ, ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជា ពលរដ្ឋនៃប្រទេសជិត ខាងផងគ្នា ក្នុងតំបន់អាស៊ានយើង។ ទី៣៖ ដោយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ត្រូវការថវិកាសម្ភារៈបរិក្ខារ ក៏ដូចជាកម្លាំងមនុស្សច្រើន ហើយអ្វីដែលកម្ពុជាអាចផ្ដល់ជាបទពិសោធន៍ គឺការជំរុញនិងបំផុសនូវវប្បធម៌ចែករំលែក ដែលក្នុងនេះ គឺមានការចែករំលែកពីស្ថាប័នរដ្ឋទៅប្រជាជន ការចែករំលែកពីដៃគូអភិវឌ្ឍន៍និងអង្គការមិនមែនរដ្ឋាភិបាល ទៅប្រជាជន ការចែករំលែកអ្នកមានធនធានទៅសង្គម និងអ្នកមានធនធាន និងការចែករំលែករវាងប្រជាជននៅក្នុងមូលដ្ឋាន។ វប្បធម៌នេះគឺមិនត្រឹមតែបន្ថយនូវសម្ពាធ មកលើថវិកាជាតិប៉ុណ្ណោះទេ តែក៏បង្កើតបានជាចលនារូបរួមស្មារតីជាប្រជាជាតិតែមួយ និងចលករក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផងដែរ។ ទី៤៖  យើងត្រូវជៀសវាងនូវការរើសអើងពូជសាសន៍ និងការប្រកាន់ជំហរស្ដីបន្ទោសដែលជាល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ នាំដល់ការបែកបាក់សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ក្នុងស្មារតីមនុស្សធម៌និងសាមគ្គីភាពអន្តរជាតិ កម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២២០០នាក់ ចូលចតកាលពីព្រឹកថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០២០។  កម្ពុជាមិនត្រឹមតែបាននិងកំពុងជួយព្យាបាលពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានព្យាបាលជនបរទេស រួមមាន ឥណ្ឌូនេស៊ី២នាក់ ម៉ាឡេស៊ី ១៣នាក់ ចិន១នាក់ អង់គ្លេស៥នាក់ បារាំង៤០នាក់ កាណា១នាក់ ប៊ែលហ្សិក១នាក់ នឹងអាមេរិកាំង២នាក់ ដោយមិនគិតថ្លៃ នៅកម្ពុជា។ ទី៥៖ យើងត្រូវបន្តពង្រឹងស្មារតីជួយគ្នាទៅវិញទៅមកក្នុងអាស៊ាន ជាពិសេស ចំពោះប្រជាជនអាស៊ានដែលជាប់គាំងដំណើរ ឬរងគ្រោះដោយជំងឺកូវីដ១៩។  ក្នុងន័យនេះ ខ្ញុំសូមថ្លែងអំណរគុណដល់បណ្ដាប្រទេសសមាជិកអាស៊ានដែលបានសហការសម្របសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាប់គាំងដំណើរតាមផ្លូវ និងនៅតាមព្រលានយន្តហោះមួយចំនួនកន្លងមក។កម្ពុជាក៏បានខិតខំជួយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ដូចគ្នាដែរ។ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ កម្ពុជាបានសម្របសម្រួលឲ្យម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលពលរដ្ឋម៉ាឡេស៊ី ដែលជាប់គាំងនៅកម្ពុជាចំនួន ១១០នាក់។

 

ទី៦៖ អាស៊ានត្រូវតែគិតគូរជាយុទ្ធសាស្ត្រ ក្នុងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់ ។ កម្ពុជាយល់ថាអាស៊ាន ត្រូវពន្លឿនការអនុវត្តផែនការ និងយន្តការនានាដែលមានស្រាប់ ឲ្យបានលឿន ក៏ដូចជាជំរុញការធ្វើសមាហរ

ណកម្មសេដ្ឋកិច្ចតំបន់ លុបបំបាត់របាំមិនមែនពន្ធ និងបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្ម។ បន្ថែមពីនេះយើងក៏ត្រូវជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមនានា សម្រាប់សមាហរណកម្មអាស៊ាន ដោយផ្ដោតលើការលើកកម្ពស់សហគ្រាសមីក្រូតូច និងមធ្យម និងបង្កើតធុរកិច្ចថ្មីផ្អែកលើនវានុវត្តន៍បច្ចេកវិទ្យា ការលើកកម្ពស់កិច្ចសហការរវាងវិស័យឯកជន និងសាធារណៈក្នុងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល  និងការអភិវឌ្ឍធនធានមនុស្សនិងជំនាញវិជ្ជាជីវៈឌីជីថល៕