អភិបាលខេត្តកំពត ចាត់វិធានការតឹងរឹងចំពោះ ការជួបជុំលក្ខណៈទ្រង់ទ្រាយធំនិងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ពីសំណាក់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖អភិបាលខេត្តកំពត ចាត់វិធានការតឹងរឹងដោយមិនអោយប្រជាពលរដ្ឋមានការជួបជុំជាទ្រង់ ទ្រាយធំនៅតាមមូលដ្ឋាន និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ១៩ ។
ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ដោយគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល អាជ្ញាធរក្រុងស្រុកនៅតែបន្ត ធ្វើកិច្ចការនេះជាប់ជាប្រចាំ ដោយធ្វើការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យគាត់បានយល់ដឹងកាន់តែច្បាស់ អំពីវិធានការ ការពារ ទប់ស្កាត់ តាមរយៈបិទផ្សាយផ្ទាំងរូបភាព និងចាក់មេក្រូ ផ្សព្វផ្សាយជាសារសម្លេងអប់រំរបស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅមូលដ្ឋានរៀងៗខ្លួន។
ឯកឧត្ដមបន្តថា នៅក្នុង រយៈពេលបួនថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះ អាជ្ញាធរបានចាត់កំលាំងមានសមត្ថកិច្ចនៅតាម ភូមិ ឃុំ ដើម្បីចុះការពារ ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមភូមិឃុំ ប្រសិនបើមានការជួបជុំជាទ្រង់ទ្រាយធំ កំលាំងមានសមត្ថកិច្ចនឹងធ្វើការហាមឃាត់ជាកំហិត ។
ឯកឧត្ដមបានបន្ថែមថា ចំពោះបញ្ហាបិទមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្តនិងខេត្តអាជ្ញាធរនៅតែបន្តធ្វើការជាមួយនិងខេត្តជាប់ព្រំដែនជាមួយគ្នាយ៉ាងម៉ត់ចត់ដោយមិនធ្វេសប្រហែស នោះទេ ។
សំឡេង«ចំពោះខេត្តនិងខេត្តពាក់ព័ន្ធនិងការឆ្លងគឺគ្មានបញ្ហាអីទេព្រោះសម្តេចនាយករដ្ឋមន្ត្រីគាត់មានប្រសាសន៍ហើយថា ស្រុកនិងស្រុកយើងបានដក ហើយខេត្តនិងខេត្តយើងនៅរក្សាដដែល ហើយឲ្យមានភាពទន់ភ្លន់ ។ អញ្ចឹងយើងអ្នកដែលនៅជាប់ព្រំប្រទល់យើងតែងតែពិនិត្យមើលជាក់ស្តែងកម្លាំង។ តែអត់មានអីកើតឡើងផងធម្មតា »។
ឯកឧត្ដម សូមការយោគយល់ពីប្រជាពលរដ្ឋចំពោះវិធានការនេះ និងសូមចូលរួមទាំងអស់គ្នា កុំអោយមានការជួបជុំជាទ្រង់ទ្រាយធំ និងសូមរក្សាសុខភាព អនាម័យ និងចូលរួមអនុវត្តតាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទបញ្ជាជាកំហិត លើការធ្វើដំណើរក្នុងប្រទេស ដោយហាមឃាត់មិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តទៀត លើកលែងតែរថយន្តដឹកទំនិញ , រថយន្តមន្ត្រីរាជការស៊ីវិលនិងស្ថាប័នរដ្ឋ , រថយន្តសង្រ្គោះបន្ទាន់រដ្ឋនិងឯកជន , រថយន្តពន្លត់អគ្គីភ័យ , រថយន្តដឹកសំរាម និងរថយន្ត ដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាសជាដើម ៕