IMFនឹងបន្ធូរបន្ថយបំណុលដល់ប្រទេសចំនួន ២៥ ដើម្បីជួយ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

វិទ្យុជាតិកម្ពុជា៖លោក ឈុន លាង
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បាននិយាយថា ខ្លួននឹងផ្តល់ការបន្ធូរបន្ថយបំណុលជាបន្ទាន់ដល់ប្រទេសជាសមាជិកចំនួន ២៥ ក្រោមហេតុផលនៃមូនិធិក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនិងជំនួយសង្គ្រោះបន្ទាន់ (CCRT)ដើម្បីទុកលទ្ធភាពឲ្យបណ្តាប្រទេសទាំងនោះមានធនធានហិរញ្ញវត្ថុបន្ថែមទៀតលើការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ COVID-19។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ទី ១៤ ខែ មេសា ឆ្នាំ ២០២០។
លោកស្រី Kristalina Georgieva នាយកមូលនិធិរូបិយវត្ថុអន្តរជាតិបានបញ្ជាក់ថា ក្រុមប្រឹក្សាប្រតិបត្តិមូលនិធិបានអនុម័តយល់ព្រមហើយកាលពីថ្ងៃចន្ទ លើការបន្ធូរបន្ថយកាតព្វកិច្ចសងបំណុលដល់ប្រទេសជាសមាជិកចំនួន ២៥ ដែលជាមូលនិធិក្រោមហេតុផលនៃការគ្រប់គ្រងគ្រោះមហន្តរាយនិងជំនួយសង្គ្រោះបន្ទាន់ដែលមានទឹកប្រាក់ប្រមាណ ២១៥លានដុល្លារ សម្រាប់រយៈពេល ៦ខែ ឫ រហូតដល់ ២ ឆ្នាំ ដោយ លោកស្រីជំរុញឱ្យប្រទេសម្ចាស់ជំនួយដទៃទៀត ជួយបង្កើនសមត្ថភាពមូលនិធិក្នុងការផ្តល់ជំនួយបន្ថែម។
សូមបញ្ជាក់ថា បណ្តាប្រទេសដំបូងដែលនឹងទទួលបានការបន្ធូរបន្ថយសេវាកម្មបំណុលពី CCRT គឺប្រទេសអាហ្វហ្គានីស្ថាន បេនីនប៊ឺរ គីណាហ្វាសូ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឆាដ កូម័រដូ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហ្គំប៊ី ហ្គីណេ ហ្គីណេប៊ីសៅ ហៃទី លីបេរីយ៉ា ម៉ាដាហ្គាស្ការ ម៉ាឡាវី ប្រទេសម៉ាលី ម៉ូហ្សំប៊ិក នេប៉ាល់ នីហ្សេរីយ៉ា រវ៉ាន់ដា សៅតូមេនិងព្រីយិប សៀរ៉ាឡេអូន កោះសាឡូម៉ូន តាជីគីស្ថាន តូហ្គោនិងប្រទេសយេម៉ែន៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters