សេចក្តីព្រាងច្បាប់ស្តីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្នបានដល់ព្រឹទ្ធសភាហើយ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

Mc៖សេចក្តីព្រាងច្បាប់ស្តីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្នបានដល់ព្រឹទ្ធសភាហើយ​​នៅថ្ងៃទី១៤ខែមេសានេះ ដោយគ្រោងនឹងបើកកិច្ចប្រជុំពិនិត្យ នឹងអោយយោបល់បន្ទាប់​​ពីបញ្ចប់​​ចូល​​​​ឆ្នាំ​ខ្មែរ​​នេះ។

នៅព្រឹកថ្ងៃទី១៦ ខែមេសា​​ក្រោយពី​ចប់ពីធីបុណ្យចូលឆ្នាំខ្មែរ គណៈ​កម្មាធិ​កា​​រអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ដែលមាន​របៀបវារៈ ពិនិត្យ និងសម្រេច​លើ​​សំណើ​រ​​​បស់គណៈកម្មការទី៦នៃព្រឹទ្ធសភា សុំ​​ដាក់​​សេច​ក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង​ប្រទេស​​ជាតិស្ថិតក្នុង​​គ្រាអាសន្ន​​ទៅក្នុង​​របៀប​វារៈ​​ប្រជុំវិសាមញ្ញ​ព្រឹទ្ធសភានីតិកាលទី៤ នាពេលឆាប់ៗនេះ។

សេចក្តីព្រាងច្បាប់នេះត្រូវបានរាជរដ្ឋា​ភិបាលតាក់តែងឡើង ផ្អែកតាមស្មារតី​​នៃមាត្រា​​២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា នៅ​​ពេល​​ប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះ​​មហាក្ស​​ត្រទ្រង់ប្រកាស​​ប្រទានដំណឹង​​ជាសាធារ​ណៈ​ដាក់ប្រទេសជាតិស្ថិត​​ក្នុងភាព​​អាសន្ន ក្រោយពីបានមតិឯកភាព​​ពីនាយក​រដ្ឋម​ន្ត្រី​ ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។

ច្បាប់នេះ នឹងដាក់ឱ្យប្រើសប្រាស់នៅពេល ប្រទេស​​ជាតិ​ត្រូវបានដាក់ស្ថិត​ក្នុងភាព​​អាសន្ន​​ដោយសារបញ្ហា​ប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្ក​​ឡើងដោយ​​សង្គ្រាម ឬការឈ្លានពាន​​ពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះ​​សុខភាពសាធារណៈប​ណ្តាល​​មកពីការឆ្លង​​រាលដាលនៃជំងឺ ភាពវឹក​វរធ្ងន់ធ្ងរ​ដល់សន្តិសុខជាតិ និងសណ្តាប់​​ធ្នាប់សា​​ធារណៈ ព្រមទាំង​គ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាល​​ដាល​​ដល់​កម្រិតទូទាំងប្រទេស។

គួម្លឹកជូនថា សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង​ប្រទេស​ជាតិស្ថិតក្នុងគ្រាអាសន្ន​​ត្រូវ​បាន​​សមាជិករដ្ឋសភាបានលើកដៃអនុម័តដោយសំឡេង១១៥លើ១១៥សំឡេងនៃសមាជិក​​​សភា​ចូលរួមប្រជុំទាំងមូល ហើយច្បាប់នេះចាត់ទុកជាការប្រញាប់៕