ក្រសួងសាធារណការនៅតែបន្តជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

វិទ្យុជាតិកម្ពុជា, អត្ថបទ៖ វ៉ាង ភក្តី ១៤ ០៤ ២០២០៖

 ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតែជំរុញការអនុវត្តបន្ត បើទោះជាស្ថិតក្នុងកាលៈទេសៈពិភពលោក ក៏ដូចជាប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ក៏ដោយ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ទោះបីពិភពលោកទាំងមូលកំពុងស្ថិតក្រោមការគំរាមកំហែង ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ ក៏ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅតែបញ្ហាអាទិភាពរបស់កម្ពជា ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការដឹកជញ្ជូន និងការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋទូទៅ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីថវិកាជំពូក២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពបែបនេះ កម្ពុជានៅតែផ្តោតលើការចំណាយ ទៅលើការជួសជុល ថែទាំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាដែលជាចំណុចអាទិភាព ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងបម្រើឲ្យប្រយោជន៍ទូទៅរបស់ជាតិ មាតុភូមិប៉ុណ្ណោះ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារបច្ចេកទេស សាងសង់ ជួសជុល និងថែទាំផ្លូវក្រោមឱវាទក្រសួង ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានជាប្រចាំ លើក្រុមហ៊ុន វិនិយោគទាំងឡាយ ដើម្បីជំរុញឲ្យពួកគេអនុវត្តតាមស្តង់ដារគុណភាពរបស់ក្រសួង ដែលបានដាក់ចេញជាដាច់ខាត។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាស្ដីពីថវិកាជំពូក២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញធ្វើឡើងក្នុងគោលបំណងស្ដាប់របាយការណ៍ស្តីពីការប្រើប្រាស់ថវិកាជំពូក២១ ក៏ដូចជាពិភាក្សាលម្អិតលើការកំណត់ផ្លូវអាទិភាពនៅទូទាំងប្រទេសដើម្បីចរចាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលកម្ពុជា បានខ្ចីថវិកាពីបរទេសប្រមាណជាង៥០០លានដុល្លារ មកបង្គ្រប់ជាមួយថវិកាជាតិដែលមានចន្លោះពី១០០លាន ទៅ២០០លានដុល្លារ ដើម្បីកសាងផ្លូវថ្នល់មួយចំនួន ដែលត្រូវបានខូចខាតស្ទើរតែទាំងស្រុង ដោយសារដល់អាយុកាល និងការដឹកលើសទម្ងន់។ កំណាត់ផ្លូវជាតិ មួយចំនួន  បាននឹងកំពុងលើកកម្រិតផ្លូវពីក្រាលកៅស៊ូDBSTនាពេលបច្ចុប្បន្ន ឲ្យទៅជាកម្រាលកៅស៊ូAC ព្រមទាំងធ្វើការ ស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញផរដែរ៕