សម្តេចតេជោហ៊ុនសែនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ច ប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូនៅវិមានសន្តិភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចតេជោហ៊ុនសែនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ច ប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូនៅវិមានសន្តិភាព
នៅព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអមដោយឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេ ស និងសហប្រតិបត្តិការអន្តរជាតិ ឯក ឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មួយចំនួនទៀត
បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ(Video Confe rence)ដែលរៀបចំឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ ធ្វើ ឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារ ណរដ្ឋសង្គមនិយម វៀតណាមដែលជាប្រធានអាស៊ាន ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំរបស់អាស៊ាន និងប្រទេសបូកបីផ្សេងទៀត បានឯកភាពចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ ដែលរៀបចំឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់អាស៊ានតាមរយៈសកម្មភាពរួមនៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងជម្ងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេចក្នុងការរិះរកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ដោយសារកូវីដ-១៩ ។
បើតាមសេចក្ដីប្រកាសដដែលបានបន្ដថានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ សម្តេចតេជោនាយករដ្ឋ មន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាដ៏មានអត្ថន័យ ចំនួន ០២ ស្តីពីផលប៉ះពាល់នៃកូវីដ-១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គម ជារួម ដែលទាមទារកិច្ចប្រឹងប្រែងរួមគ្នា ជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាម កំហែងនៃកូវីដ-១៩នេះ៕