មន្ត្រីរាជការ និងកម្មករកម្មការិនី គាំទ្ររាជរដ្ឋាភិបាលចំពោះការប្រកាស ផ្អាកការឈប់សម្រាកក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ១៣ មេសា ២០២០៖

មន្ត្រីរាជការនិងកម្មករកម្មការិនី គាំទ្ររាជរដ្ឋាភិបាលចំពោះការប្រកាស ផ្អាកការឈប់សម្រាកក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ទៅកាន់សហគមន៍ ខណៈបច្ចុប្បន្នកម្ពុជាកំពុងតែរកឃើញមានករណីអ្នកឆ្លងថ្មីជាបន្តបន្ទាប់។
លោក នូ ចាន់រី ជាមន្រ្តីរាជការ រស់នៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លោកសប្បាយចិត្តនៅពេលដែលឃើញរាជរដ្ឋាភិបាល សម្រេចផ្អាកការឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយលើកពេលសងសមស្របណាមួយវិញ នៅពេលដែលការរីករាលនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយឡើងវិញ។
លោកបានបន្តថា សម្រាប់លោកផ្ទាល់ទៅធ្វើការធម្មតា និងមិនទៅស្រុកកំណើតទេ ហើយចំពោះការទទួលទេវតា គឺលោកនឹងរៀបចំតាមទំនៀមទំលាប់ដដែល ដោយធ្វើនៅតាមផ្ទះជាធម្មតា។
“ការដែលរាជរដ្ឋាភិបាលលើកចូលឆ្នាំទៅពេលក្រោយ ដើម្បីទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ខ្ញុំពិតជាពេញចិត្តនឹងសប្បាយចិត្ត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលមុខ ដោយមកធ្វើការ ហ្នឹងមិនទៅស្រុកកំណើត ដើម្បីបញ្ចៀសនៃការឆ្លងរីករាលដាលនៃជំងឺនេះផងដែរ “។
ចំណែក កញ្ញា ស្រី ណុច ជាកម្មការីនីរោងចក្រនៅខេត្តតាកែវ បានឲ្យដឹងដែរថាសម្រាប់កញ្ញាផ្ទាល់គឺគាំទ្ររដ្ឋាភិបាល ដែលគាត់មានការសម្រេចចិត្តឲ្យពួកគាត់ធ្វើការធម្មតា ព្រោះការធ្វើបែបនេះគឺរាជរដ្ឋាភិបាល ចង់ឲ្យសណ្ឋានភាពកូវីដ-១៩ មានការរីករាលដាល។
“ពួកខ្ញុំសប្បាយចិត្តនឹងធ្វើការចូលឆ្នាំហ្នឹង ព្រោះខ្ញុំគិតថាចូលឆ្នាំយើងមានពេលក្រោយ សម្រាប់ជួបជុំបងប្អូន។ អញ្ចឹងពួកខ្ញុំស្រឡាញ់គ្រួសារខ្ញុំ ខ្ញុំនឹងនៅធ្វើការ ដើម្បីគាត់មានសុវត្ថិភាព ខ្ញុំក៏មានសុវត្ថិភាព គាត់ក៏មានសុវត្ថិភាពទាំងអស់គ្នា។ អញ្ចឹងខ្ញុំសប្បាយចិត្តនឹងធ្វើការហើយគាំទ្ររាជរដ្ឋាភិបាលគាត់ធ្វើខ្ញុំគាំទ្រ។ អញ្ចឹងក្នុងស្ថានភាពរោងចក្រខ្ញុំទាំងមូលហ្នឹង គឺមើលទៅម្សិលមិញនិងថ្ងៃហ្នឹងមកធ្វើការច្រើនមែនទែនអត់មានអ្នកទៅផ្ទះទេ ដោយសារពួកគាត់យល់ដឹងពីវិធានការពីរាជរដ្ឋាភិបាលដែលគាត់ចាត់វិធានការឲ្យយើងមកធ្វើការ ព្រោះគាត់យល់ដឹងច្រើន។ អញ្ចឹងគាត់គិតថាពេលដែលចប់កូវីតហ្នឹង ចាំគាត់ទៅលេងបងប្អូនគាត់ម៉ែឪគាត់ បានគាត់អត់មានការព្រួយបារម្ភ”។
ចំណែក លោកស្រី ធីតា ជាកម្មការិនីរោងចក្រដែលមកធ្វើការនៅរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ចំណែកលោកស្រីក៏គាំទ្រ សេចក្ដីប្រកាសរបស់នេះ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាដែរ ដែលបញ្ឈប់ពិធីបុណ្យចូលឆ្នាំខ្មែរ ហើយឲ្យមកធ្វើការធម្មតា ព្រោះប្រសិនបើមិនផ្អាកទេ នឹងមានការឆ្លងរាលដាលច្រើនដោយការធ្វើដំណើរទៅស្រុកកំណើត។
“ រាជរដ្ឋាភិបាលបញ្ឈប់បែបហ្នឹងគឺល្អ ដើម្បីកុំឲ្យប្រជាជននិងកម្មករ-កម្មការីនីរបស់យើងពីខេត្តមួយទៅខេត្តមួយ។ អញ្ចឹងដូចជាកម្មកររោងចក្រដូចពួកខ្ញុំអញ្ចឹង គឺនៅពេលដែលយើងធ្វើដំណើរទៅស្រុក គឺយើងធ្វើដំណើរដោយជិះឡានក្រុង ឡានឈ្នួលអញ្ចឹងគឺជាហានិភ័យនៃការឆ្លងការរីករាលដាលនៃជំងឺហ្នឹងច្រើន។ ព្រោះអីយើងអត់ដឹងថាពីម្នាក់ទៅម្នាក់ យើងអត់ដឹងទៅណាមានផ្ទុកមេរោគ”។
សូមបញ្ជាក់ថា នៅថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ២០២០នេះ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ប្រកាសថា ស្ថាប័នរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជន ពិសេសកម្មករ-កម្មការីនីកាត់ដេរ ត្រួវបន្តធ្វើការដូចធម្មតា ជាពិសេសសូមកុំធ្វើដំណើរទៅស្រុកកំណើត ឬមានកម្មវិធីប្រមូលផ្តុំគ្នាដោយរាជរដ្ឋាភិបាលនឹងសងថ្ងៃឈប់សម្រាក៥ថ្ងៃវិញ នៅពេលដែលបញ្ហាវីរុសកូវីដ-១៩ត្រូវបានបញ្ចប់ ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តឲ្យប្រជាជនកម្ពុជារៀបចំពិធីនេះ នៅតាមផ្ទះរៀងៗខ្លួន និងជៀសវាងការជួបជុំដែលមានមនុស្សច្រើន ដើម្បីកុំឲ្យមានការឆ្លងមេរោគនេះ៕