រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩គ្រប់ស្ថានភាព

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៣ ០៤ ២០៖

រាជរដ្ឋាភិបាល នឹងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩គ្រប់ស្ថានភាព ដើម្បី ការពារ សេចក្ដី សុខសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ១៩ ជូនអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ១៣ ខែមេសានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មកដល់ពេលនេះ ពិភពលោកមិនទាន់មានភាពធូរស្រាលពីជំងឺកូវីដ១៩នៅឡើយទេ ពីព្រោះតែអត្រាអ្នកឆ្លង និងអ្នកស្លាប់នៅតែស្ថិតក្នុងកំណើនខ្ពស់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ពេលនេះមិនទាន់មានអ្នកជំងឺកូវីដ១៩ណាម្នាក់ស្លាប់នៅឡើយទេ ដោយសារគ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ ទាំងរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធតទល់នឹងជំងឺកាចសាហាវមួយនេះ។
យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ស្ថានភាពប្រសើរនៃការប្រយុទ្ធប្រឆាំជំងឺកូវីដ១៩នៅកម្ពុជាដូចសព្វថ្ងៃនេះ មិនមែនមានន័យថាយើងទទួលបានជោគជ័យលើសមរភូមិជំងឺកូវីដ១៩នោះឡើយ ពោលគឺទាមទារឱ្យមានការប្រុងប្រយ័ត្នជានិច្ច ពីគ្រប់ភាគីពាក់ព័ន្ធទាំង់អស់ ។
សម្ដេចក្រឡាហោម ក៏បានកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានសហការរួមគ្នាខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដូចជាការទទួលបងប្អួនខ្មែរវិលត្រឡប់ពីក្រៅប្រទេស ពិសេសប្រទេសថៃ ការអនុវត្តវិធានការបិទការធ្វើដំណើរឆ្លងខេត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការស្រាវជ្រាវ តាមដាន ពិនិត្យសុខភាព និងរៀបចំដាក់ឱ្យដាច់ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលត្រឡប់មកពីក្រៅប្រទេស នៅតាមមូលដ្ឋានភូមិឃុំ៕