អាជ្ញាធរខេត្តកំពង់ធំចាត់វិធានការតឹងរឹងមិនអោយប្រជាពលរដ្ឋមានការជួបជុំជាទ្រង់ទ្រាយធំ

វិទ្យុជាតិកម្ពុជា៖

អាជ្ញាធរខេត្តកំពង់ធំចាត់វិធានការយ៉ាងតឹងរឹង មិនអោយប្រជាពលរដ្ឋមានការជួបជុំជាទ្រង់ទ្រាយធំនៅតាមមូលដ្ឋាននោះទេ ដើម្បីទប់ស្កាត់ការរីករាលដាល់ នៃជម្ងឺកូវីដ១៩ ។

ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ដោយគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិ បាល អាជ្ញាធរក្រុងស្រុកនៅតែបន្ត ធ្វើកិច្ចការនេះជាប់ជាប្រចាំ ដោយធ្វើការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យគាត់បានយល់ដឹងកាន់តែច្បាស់ អំពីវិធានការ ការពារ ទប់ស្កាត់ តាមរយៈបិទផ្សាយផ្ទាំងរូបភាព និងចាក់មេក្រូ ផ្សព្វផ្សាយជាសារសម្លេងអប់រំរបស់គណៈ កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅមូលដ្ឋានរៀងៗខ្លួន ។ ឯកឧត្ដមបន្តថា នៅក្នុង រយៈពេលបីថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ អាជ្ញាធរបានចាត់កំលាំងមានសមត្ថកិច្ចនៅតាម ភូមិ ឃុំ ដើម្បីចុះការពារ ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមភូមិឃុំ ប្រសិនបើមានការជួបជុំជាទ្រង់ទ្រាយធំ កំលាំងមានសមត្ថកិច្ចនឹងធ្វើការហាមឃាត់ជាកំហិត ។
និយាយរួម បើបងប្អូនប្រជាពលរដ្ឋយើង នៅតែមានការជួបជុំជាទ្រង់ទ្រាយធំ គឺគ្មានអ្វីក្រៅពីអាជ្ញាធររបស់យើង ទៅហាមឃាត់នោះទេ ថាបងប្អូនយើងកុំអាជួបជុំជាទ្រង់ទ្រាយធំ ព្រោះវាអាចរាតត្បាតនៃជំងឺកូវិដនេះ គឺអោយគាត់រក្សានៅតាមផ្ទះរបស់កាត់ជាជាទ្រង់ទ្រាយតូច ទទួលទេវតា មិនឲ្យមានទ្រង់ទ្រាយធំទេ បើមាន គឺយើងមានវិធានការ គឺឲ្យគាត់បញ្ឈប់ និយាយរួមគឺមិនទាន់មានបងប្អូនណាមិនស្ដាប់អាជ្ញាធរទេគឺគាត់ស្ដាប់តាមការណែនាំនិងការចង្អុលបង្ហាញរបស់អាជ្ញាធរ ។
ឯកឧត្ដមបន្ថែមថា ដើម្បីការពារ និងទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះ សូមពុកម៉ែបងប្អូនយោគយល់និងអព្យាស្រ័យ សូមចូលរួមទាំងអស់គ្នា កុំអោយមានការជួបជុំជាទ្រង់ទ្រាយធំ និងសូមរក្សាសុខភាព អនាម័យ និងចូលរួមអនុវត្តតាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា តាមការណែនាំរបស់ក្រសួងសុខាភិបាល វីរុស COVID-19នេះ ត្រូវបានចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ ទៅនឹងដំណក់ទឹកតូចៗ ដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលមានឆ្លងវីរុស COVID-19 តាមរយៈការក្អក និង កណ្តាស់ ៕