បុគ្គលិកពេទ្យជាង ៣៣០នាក់នៅក្នុងប្រទេសអ៊ុយក្រែនមានផ្ទុកមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ — រដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ុយក្រែន លោក Maxim Stepanov បានប្រាប់ទូរទស្សន៍ Inter ថា បុគ្គលិកពេទ្យសរុបចំនួន ៣៣៤នាក់នៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើតេស្តវិជ្ជមានចំពោះ​មេរោគកូរ៉ូណាវីរុស COVID-19។

លោក Stepanov បាននិយាយថា «យើងមានករណីឆ្លងមេរោគកូរ៉ូណាវីរុសចំនួន ២.២០៣នាក់ ដោយក្នុងនោះមានបុគ្គលិក​ពេទ្យចំនួន ៣៣៤នាក់ផងដែរ។ លោកបាននិយាយបន្ថែមថា «រាល់ថ្ងៃនេះ យើងបានខិតខំយ៉ាងខ្លាំងក្នុងការផ្តល់មធ្យោបាយការពារដល់​ពួកគេ«។

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បាននិយាយផងដែរថា មានករណីឆ្លងមេរោគកូរ៉ូណាវីរុសថ្មីចំនួន ៣ករណី ត្រូវបានបញ្ជាក់នៅ​ក្នុងជួរកងទ័ពអ៊ុយក្រែន។ ជាសរុប កងទាហាន ៥នាក់ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 ហើយទាហានម្នាក់បានស្លាប់។

ចំនួនអ្នកស្លាប់ដោយសារជំងឺទាក់ទងនឹងមេរោគឆ្លងកូរ៉ូណាវីរុសកើនដល់ ៦៩នាក់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលមនុស្ស ៦១នាក់បានជាសះស្បើយឡើងវិញ។

ការដាក់ប្រទេសឱ្យស្ថិតក្នុងស្ថានភាពអាសន្នដោយសារការផ្ទុះឡើងនៃមេរោគឆ្លងនេះ ត្រូវបាន​ អនុវត្តនៅក្នុងប្រទេសអ៊ុយក្រែន​ចាប់តាំងពីថ្ងៃទី ១៧ ខែមីនា ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី ២៤ ខែមេសា៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)