នាយករដ្ឋមន្រ្តីថៃជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលពិធីបុណ្យសង្រ្កានឆ្នាំថ្មី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះក្នុងអំឡុង​ពេលពិធីបុណ្យសង្រ្កានឆ្នាំថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោកនាយករដ្ឋមន្រ្តីបានណែនាំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះជំនួសឱ្យការទៅសួរសុខទុក្ខសាច់​ញាតិមុនពេល ឬក្នុងអំឡុងពេលនៃពិធីបុណ្យសង្រ្កានឆ្នាំថ្មីដែលត្រូវធ្វើឡើងចាប់ថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមេសា។ លោកក៏បានព្រមាន​ពួកគេមិនឱ្យចាកចេញពីផ្ទះ ឬចូលរួមពិធីជប់លៀងអបអរសាទរនៅកន្លែងណាផ្សេងទៀតឡើយ។

រដ្ឋាភិបាលថៃបានពន្យារពេលជាផ្លូវការនូវថ្ងៃឈប់សម្រាកពិធីបុណ្យសង្រ្កានឆ្នាំថ្មី នឹងសកម្មភាពលេងជះទឹកនៅទូទាំងប្រទេស ដោយសារតែការវិវត្តដ៏ស្មុគស្មាញនៃរោគរាតត្បាត។

នាយករដ្ឋមន្រ្តីរូបនេះក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន ឬវិស័យមួយចំនួនត្រូវបានដកចេញពីបម្រាមគោចរទូទាំងប្រទេស​ដើម្បីជួយ​សម្រួលដល់ការងាររបស់ពួកគេ។

ប្រទេសថៃបានស្ថិតនៅក្រោមច្បាប់នៃការដាក់ប្រទេសក្នុងភាពបន្ទាន់មួយចាប់ពីថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី ៣០ ខែមេសា ដើម្បី​រឹតត្បិតការធ្វើដំណើរក្នុងការបញ្ឈប់ការឆ្លងវីរុសនេះ។

ក្នុងចំណោមបទបញ្ជាដែលស្ថិតក្រោមច្បាប់នេះ ការធ្វើបម្រាមគោចរទូទាំងប្រទេសចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៤ព្រឹក ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី ៣ ខែមេសា ហើយមានតែអាជ្ញាធរ និងជំនួយការរបស់ពួកគេដែលមានកាតព្វកិច្ចជាបុគ្គលិកថែទាំ​សុខភាព និងអ្នកជំងឺបន្ទាន់ប៉ុណ្ណោះដែលត្រូវបានលើកលែង។

ទោះជាយ៉ាងណា យោងទៅតាមបទប្បញ្ញត្តិចុងក្រោយបានឱ្យដឹងថា អ្នកដែលធ្វើការនៅស្ថានីយប្រេងឥន្ធនៈ និងឧបករណ៍ប្រើប្រាស់សាធារណៈ ក្រុមហ៊ុនដឹកជញ្ជូនអាហារ អ្នកប្រមូលសំរាម អ្នកយាម អ្នកនេសាទ នឹងអ្នកចាក់កៅស៊ូ ក៏ត្រូវបាន​អនុញ្ញាតឱ្យធ្វើការក្នុងអំឡុងពេលបម្រាមគោចរនេះផងដែរ។

ទន្ទឹមនិងនេះដែរ ខេត្តភូកេតបានក្លាយជាខេត្តដំបូងបង្អស់នៅក្នុងប្រទេសថៃដែលបានដាក់ចាក់សោរបិទខេត្តទាំងមូលក្នុង​ចំណោមអនុស្រុកទាំង ១៧ ចាប់ពីម៉ោង ០០:០១នាទី ព្រឹកថ្ងៃទី ១៣ ខែមេសា ដល់ម៉ោង ១១:៥៩ យប់ថ្ងៃទី ២៦ ខែមេសា ឬរហូតដល់ស្ថានការណ៍មានភាពប្រសើរឡើង ដើម្បីការពារការរីករាលដាលនៃជំងឺ COVID-19 ។

គិតត្រឹមថ្ងៃទី ១០ ខែមេសា ប្រទេសថៃបានបញ្ជាក់អំពីករណីឆ្លងវីរុស SARS-CoV-2 ចំនួន ២.៤៧៣ករណី ដោយក្នុងនោះមាន​មនុស្សស្លាប់ ៣៣នាក់។ ទីក្រុងបាងកកមានករណីច្រើនបំផុត គឺចំនួន ១.២៦២នាក់ ខណៈដែលអត្រាឆ្លងខ្ពស់បំផុត គឺ ៣៨,៩៥ករណីក្នុងចំណោមប្រជាជន ១០០.០០០នាក់ ដែលត្រូវបានកត់ត្រានៅក្នុងខេត្តភូកេត៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)