រោងចក្រជាង៩៥ភាគរយដំណើរការការងារជាធម្មតា

វិទ្យុជាតិកម្ពុជា៖

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា មកដល់ព្រឹកថ្ងៃទី១៣ ខែមេសានេះ រោងចក្រជាង៩៥ភាគរយដំណើរការការងារជាធម្មតា ដោយមិនមានការឈប់ដើម្បីអនុញ្ញាតឲ្យកម្មករ និយោជិតទៅស្រុកកំណើតជួបជុំគ្រួសារក្នុងឱកាសចូលឆ្នាំនោះឡើយ។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា រោងចក្រទាំងនេះ បានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទៅកាន់សហគមន៍។
ឯកឧត្តម បន្តថា រោងចក្រមួយចំនួនដែលធ្លាប់បាន ប្រកាសឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំ ក៏បានដំណើរការឡើងវិញ។ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតកោតសរសើរដល់កម្មករ និយោជិតរោងចក្រទាំងអស់ដែលបានបន្តធ្វើការធម្មតា ដើម្បីរួមគ្នាប្រឆាំងជំងឺកូវីដ១៩ ឲ្យចេញផុតពីកម្ពុជា។
ឯកឧត្តម មានប្រសាសន៍ថា ជំងឺកូវីដ១៩ បានបង្ខំឲ្យប្រជាជន និងសាសនិកជននៅទូទាំងពិភពលោក ត្រូវលះបង់ការប្រតិបត្តិប្រពៃណី ឬសកម្មភាពសាសនានានា ដើម្បីបង្ការការរីករាលដាល។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា កត់សម្គាល់ថា នៅព្រឹកថ្ងៃទី១៣ ខែមេសា នេះ ទោះបីមានភ្លៀងធ្លាក់ ក៏កម្មករនៅតែទៅធ្វើការធម្មតា ដើម្បីចូលរួមអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រីករាលដាលជំងឺកូវីដ១៩ ដោយនាំគ្នាមិនឈប់សម្រាកនៅក្នុងឱកាសបុណ្យចូលឆ្នាំ។
នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០នេះ ត្រូវបាន រាជរដ្ឋាភិបាលលើកថ្ងៃឈប់សម្រាក នឹងត្រូវសងចំនួន៥ថ្ងៃត្រឡប់វិញ ជូន មន្រ្តីរាជការ និងកម្មករ និយោជិតក្នុងវិស័យឯកជននៅពេលណាដែលប្រទេសជាតិបានឆ្លងរួចផុតពីជំងឺកូវីដ-១៩។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាល់នូវពិធីកំសាន្តសប្បាយនៅខាងក្រៅតាមទីធ្លាសាធារណៈ គឺមិនអនុញ្ញាត្តិឲ្យធ្វើនោះទេ ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាច្រើន ដែលអាចប៉ះពាល់ដល់ការចម្លងមេរោគកូវីដ-១៩។ ប៉ុន្តែប្រជាពលរដ្ឋអាចប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះរៀងៗខ្លួនបាន ហើយអ្វី ដែលរាជរដ្ឋាភិបាលសម្រេចដាក់ចេញពេលនេះ គឺដើម្បីធានានូវសុវត្ថិភាពអាយុជីវិតជូនប្រជាពលរដ្ឋ និង ក្រុមគ្រួសារ ដើម្បីកុំឲ្យឆ្លងមេរោគផ្លូវដង្ហើមដ៏កាចសាហាវដែលកំពុងរីករាលដាល ពេញ ពិភព លោក ក្នុងខណៈពុំទាន់មានវ៉ាក់សាំងសម្រាប់ចាក់ការពារ ឬថ្នាំសម្រាប់ព្យាបាល៕ វ៉ាង ភក្តី