ប្រមុខរាជរដ្ឋាភិបាល អរគុណប្រជាពលរដ្ឋដែលបានយោគយល់ចំពោះការផ្អាក មិនឱ្យធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ដែលយោគយល់ចំពោះការផ្អាកមិនឱ្យធ្វើដំណើរ​ពី​ខេត្តមួយទៅខេត្តមួយ ក្នុងខណៈដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩​នោះ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានសរសេរថា សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយ ដែលយោគយល់ចំពោះ​ការផ្អាកមិនឱ្យមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីសេចក្តីសុខ​និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ​និង​​សហ​គមន៍ទាំងមូល នៅក្នុងពេលដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

គួរបញ្ជាក់ដែរថា បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលអំពីស្ថានភាពជំងឺ​កូវីដ-១៩ នៅទូទាំងប្រទេសគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែមេសា ​ឆ្នាំ២០២០ រួមមាន៖ អ្នក​ព្យាបាលជាសះស្បើយសរុប កើនដល់ ៧៥នាក់ អ្នកដែលកំពុងសម្រាកព្យាបាលសរុចំនួន ៤៥នាក់ ក្នុងចំណោមអ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងប្រទេសចំនួន ១២០​នាក់៕

ដោយ ជឹម ណារី