រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកទឹកចិត្តដល់សហការីត្រូវបន្តបំពេញកិច្ចការទាក់ទង បញ្ហា ជនពិការ កុមារខ្សោយសតិបញ្ញា

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ១០ មេសា ២០២០៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្ត ដល់ ឯកឧត្តម គាម ម៉ារិទ្ធិយ៉ាដែលជាសហការីរបស់លោក បន្តបំពេញនូវរាល់ភារកិច្ចការងារ ដែលក្រសួង ប្រគល់ជូន ពិសេស កិច្ចការទាក់ទង បញ្ហា ជនពិការ កុមារខ្សោយសតិបញ្ញា ។
នៅក្នុងឱកាសទទួលជួប ឯកឧត្តម គាម ម៉ារិទ្ធិយ៉ា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកជំទាវ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្ត ដល់ ឯកឧត្តម រួមជាមួយមន្រ្តី ក្រោមឱវាទ បន្តបំពេញនូវរាលភារកិច្ចការងារ ដែលក្រសួង ប្រគល់ជូន ពិសេស កិច្ចការទាក់ទង បញ្ហា ជនពិការ កុមារខ្សោយសតិបញ្ញា ដែលត្រូវរួមគ្នាជួយ និងដោះ ស្រាយ រាល់ការលំបាកខ្វះខាត និងការពង្រឹង សមត្ថភាព វិជ្ជាជីវៈដល់ជនពិការគ្រប់រូប។
ឯកឧត្តម គាម ម៉ារិទ្ធិយ៉ា ដែលទទួលបន្ទុកការងារ ជួយពង្រឹងការងារ មជ្ឍមណ្ឌលព័ត៌មាន ពិគ្រោះយោបល់ជាមួយ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ ក្នុងការធ្វើអោយប្រសើរឡើងនូវទំនាក់ទំនង ជាមួយអង្គភាព សារព័ត៌មាន និងអ្នកសារ ព័ត៌មានទាំងអស់ រួមទាំង ការងារជនពិការ កុមារ កំព្រា សតិមិនគ្រប់ ខ្សោយបញ្ហា បានជម្រាបជូន ពី ការងារសំខាន់ៗមួយចំនួន ដែលបានធ្វើក្នុងរយះពេលកន្លងមក និងផែនការងារ សម្រាប់អនុវត្តន៏បន្ត នូវរាល់ផែនការ របស់ក្រសួង ព័ត៌មាន បានដាក់ចេញអោយទទួលបានជោគជ័យ បន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គាម ម៉ារិទ្ធិយ៉ា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកជំទាវ ក៏បាននាំនៅអំណោយជាម៉ាស៊ីន វាស់កំដៅ ចំនួន ១០ គ្រឿង និងទឹកជែល លាងដៃ ចំនួន៤៨ដប ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្ដែងការអរគុណឯកឧត្តមនិងលោកជំទាវដែលបានផ្តល់អំណោយទាំងនេះ ដើម្បីរួមចំណែកទប់ស្កាត់ជំងីកូវីដ-១៩។ ឯកឧត្តម រដ្ឋមន្រ្តី ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងបែងចែកដល់បណ្តា អគ្គនាយកដ្ឋានទាំង៥ចំណុះក្រសួងព័ត៌មាន សម្រាប់អោយមន្រ្តីរាជការប្រើប្រាស់ ក្នុងការពារ កុំអោយឆ្លងមេរោគ កូវីដ១៩៕