ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការដាក់កំហិតការធ្វើដំណើរ

វិទ្យុជាតិកម្ពុុជាៈមន្ទីរព័័ត៌៌មានប៉ៃៃលិិន

ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល លើការដាក់កំហិតការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ ។

ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីផ្សព្វផ្សាយ និងអនុវត្តន៍នូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ ទៅដល់គណៈបញ្ជាការឯកភាពខេត្ត និងគ្រប់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាអោយបទបញ្ជានេះកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ឱ្យដឹងថា៖ ដើម្បីអនុវត្តន៍នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខេត្ត បានដាក់កម្លាំងចម្រុះ រួមមាន៖ នគរបាល កងរាជអាវុធហត្ថ និងទាហ៊ានតំបន់ប្រតិបត្តិការសឹករងខេត្ត នៅតាមចំនុចគោលដៅ ដែលមានព្រំប្រទល់ជាប់នឹងខេត្ត ព្រមទាំងដាក់គោលដៅសំខាន់ៗ មួយចំនួនទៀតនៅតាមក្រុង/ស្រុក ដើម្បីឆ្លើយតបទៅនឹងការចាត់វិធានការការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេសរបស់រាជរដ្ឋាភិបាល៕
ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ បើទោះបីជានៅពេលនេះ យើងកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភពខ្ពស់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសរបស់ប្រជាពលរដ្ឋ ប៉ុន្តែសូមអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបន្តគ្រប់គ្រងពលករដែលទើបត្រលប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់ ជាពិសេសត្រូវអប់រំ ណែនាំ និងតាមដានសុខភាពរបស់ពួកគាត់ឱ្យបានជាប្រចាំ ហើយត្រូវបន្តយុទ្ធនាការចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន ចាប់ពីទីប្រជុំជន រហូតដល់ជនបទ និងឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ ដោយសារការព្រួយបារម្ភពីការការរីករាលដាលនៃជំងឺ COVID-19 ថ្មីនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សែន បានចេញសេចក្តីប្រកាសឱ្យផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ និងមន្ត្រីរាជការ ព្រមទាំងវិស័យឯកជន មិនអនុញ្ញាតឱ្យឈប់សម្រាកនោះទេ ហើយជាក់ស្តែងនៅពេលនេះ គឺរាជរដ្ឋាភិបាល បានចេញបទបញ្ជា ដាក់កំហិតលើការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងប្រទេសទៀត ដូច្នេះសូមអាជ្ញាធរ សមត្ថកិច្ចដែលអនុវត្តន៍នូវបទបញ្ជា ត្រូវពន្យល់ដល់ប្រជាពលរដ្ឋ ឱ្យមានយោគយល់ និងអធ្យាស្រ័យ ចំពោះវិធានការណ៍យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។
សូមបញ្ជាក់ថា៖ ដើម្បីអនុវត្តន៍នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពខេត្ត បានប្រើប្រាស់កម្លាំងចម្រុះ ចំនួន ៩០នាក់ ចែកចេញជា ៣វេន ប្រើប្រាស់រថយន្តតូចចំនួន ៦គ្រឿង ម៉ូតូធំប៉ូលីស ចំនួន ៦គ្រឿង និងរថយន្តពន្លត់អគ្គីភ័យ ចំនួន ៤គ្រឿង ដោយមានចំនួន ៤គោលដៅ ១-គោលដៅលើដងផ្លូវជាតិលេខ ៥៧ ចំនុចអូរសួស្តី (ព្រំប្រទល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង) ២-គោលដៅលើដងផ្លូវជាតិលេខ ៥៩ ត្រង់ចំនុចផ្លូវបំបែកជា៣ ភូមិភ្នំកុយ (ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង) ៣-គោលដៅ ចំនុចស្ពានភ្នំដំបង (ព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង) និង គោលដៅភូមិដីស (ព្រំប្រទល់ស្រុកបរវេល ខេត្តបាត់ដំបង)៕
ញ៉ឹប បូរី ប៉ៃលិន