រដ្ឋមន្រ្តីការបរទេសអាស៊ាន ប្តេជ្ញារួមគ្នារកដំណោះស្រាយទប់ស្កាត់ជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ១០ ០៤ ២០២០ ៖

រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ក្នុងការជំរុញបន្ថែមទៀតនូវវិធានការរួមគ្នា ដើម្បីដោះស្រាយនឹងជំងឺកូវីដ១៩ និងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីវីរុសនេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិដែលបានចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៥ ស្តីពីជំងឺកូវីដ១៩ តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ក្នុងការជំរុញបន្ថែមទៀតនូវវិធានការរួមគ្នា ដើម្បីដោះស្រាយនឹងជំងឺកូវីដ១៩ និងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីវីរុសនេះ ជាពិសេសផលប៉ះពាល់ទៅលើដំណើរការនៃការកសាងសហគមន៍អាស៊ាន តាមរយៈ ការលើកកម្ពស់ការសម្របសម្រួលគោលនយោបាយ ការចែករំលែកនូវបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយដល់គ្នាទៅវិញទៅមករវាងប្រទេសសមាជិកអាស៊ាន។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានឯកភាពបង្កើតមូលនិធិអាស៊ានសម្រាប់ការឆ្លើយតបនឹងជម្ងឺកូវីដ១៩ ក្នុងគោលបំណងដើម្បីគៀរគរធនធានហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាកង្វះខាតឧបករណ៍វេជ្ជសាស្រ្ត ផ្តល់ការគាំទ្រដល់កិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថសម្រាប់ប្រឆំាងនឹងជំងឺកូវីដ១៩ និងប្រើប្រាស់សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពបន្ទាន់នានាក្នុងពេលអនាគត។
រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការធានាឱ្យបាននូវសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងការបើកចំហរទីផ្សារ ព្រមទាំងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីកាត់បន្ថយនូវផលប៉ះពាល់លើសេដ្ឋកិច្ចតំបន់ និងសាកលលោក ព្រមទាំងស្តារឡើងវិញនូវទំនុកចិត្តរបស់អតិថិជន និងសហគមន៍ធុរកិច្ច និងដើម្បីរក្សាឱ្យបាននូវស្ថិរភាពសង្គម-វប្បធម៌។
ប្រភពបន្ថែមទៀតថា រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានទទួលស្គាល់នូវសារៈសំខាន់ នៃកិច្ចសហការប្រកបដោយភាពស្ថាបនា ជាមួយប្រទេសដៃគូខាងក្រៅ រួមទាំងដៃគូសន្ទនាអាស៊ាន និងស្ថាប័នអន្តរជាតិ ដើម្បីពង្រីកនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការប្រយុទ្ធប្រឆាំងជាសាកល ទៅនឹងជំងឺកូវីដ១៩។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនអង្គប្រជុំនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់វីរុសកូវីដ១៩ និងកាត់បន្ថយបញ្ហាប្រឈម ខាងផ្នែកសេដ្ឋកិច្ច និងសង្គម និងបានអះអាងសាជាថ្មីនូវការប្តេជ្ញាយ៉ាងមុតមាំដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសាកលប្រឆាំងនឹងជំងឺឆ្លងនេះ។
រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ សង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីជំងឺកូវីដ១៩ និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺកូវីដ១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូបន្តទៀត៕