ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា online ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់អ្នកសារព័ត៌មានដើម្បីធ្វើការតាមដានការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ១០ មេសា ២០២០៖

ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា online ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់អ្នកសារព័ត៌មានដើម្បីធ្វើការតាមដានការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សិក្ខាសាលា online ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់អ្នកសារព័ត៌មានដើម្បីធ្វើការតាមដានការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ គឺមានសារសំខាន់ណាស់ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩នេះ។
ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការនៃ ក្រសួងព័ត៌មាន បញ្ជាក់ថា សិក្ខាសាលា online ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់អ្នកសារព័ត៌មាន ដែលរៀបចំដោយវិទ្យាស្ថានតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា AIBD សហការជាមួយ ក្រសួងព័ត៌មាននេះ គឺដើម្បីជាការចូលរួមផ្សព្វផ្សាយពីការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ពិសេសសម្រាប់អ្នកសារព័ត៌មានក្នុងតំបន់ និងពិភពលោកបានយល់ច្បាស់និងផ្សព្វផ្សាយបាន កាន់តែស៊ីជម្រៅពីវិធានការការពារទប់ស្កាត់នៃការឆ្លងជំងឺនេះ។
“ការដែលAIBD រៀបចំនៃអង្គសិក្ខាសាលានៅតាមអនឡាញនេះ គឺដោយសារតែកន្លងមក គឺថាយើងមិនអាចជួបជុំគ្នាបាននៅតាមប្រទេសណាមួយ ដូច្នេះគេរៀបចំជាអនឡាញ ដើម្បីដោះស្រាយនូវបញ្ហាសំខាន់ៗ ដូចជាបញ្ហាថ្មីៗនេះគឺរឿងកូវីដ-១៩ នេះដែលធ្វើអោយប៉ះពាល់ទៅលើប្រទេសស្ទើរតែទាំងអស់លើពិភពលោក។ ដូច្នេះនៅក្នុងកិច្ចការនេះក៏អីAIBDគាត់បានរៀបចំជាសិក្ខាសាលាអនឡាញនេះឡើង ដើម្បីជួយចូលរួមចំណែកផ្សព្វផ្សាយដល់អ្នកសារព័ត៌មាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ដើម្បីមានវិធានការក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍គ្នា ដើម្បីធ្វើយ៉ាងណាអោយអ្នកសារព័ត៌មានមានបទពិសោធន៍ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ នេះ”។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងកាលពីថ្ងៃទី៩ ខែមេសា ដោយមានការចូលរួមពីតំណាងមកពីអគ្គនាយកដ្ឋានទាំង៥ចំណុះអោយក្រសួងព័ត៌មាន ហើយមានវាគ្មិន មកពីតំណាងអង្គការសុខភាពពិភលោក តំណាងមកពីអង្គការ យូនីសស្កូ តំណាងអ្នកសារព័ត៌មាន មកពីតំបន់អាស៊ី ប៉ាស៊ីហ្វិច និងប្រទេសបារាំង ដែលបានផ្តល់បទពិសោធន៏ក្នុងការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ផងដែរ៕