រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ទៅលើគោលនយោបាយជាតិគាំពារសង្គមឲ្យកាន់តែប្រសើរឡើង

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ១០.មេសា.២០២០៖

រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយជាតិគាំពារសង្គមសំរាប់កម្មករនិយោជិតនិងមន្ត្រីសាធារណៈប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពធ្វើឲ្យសង្គមកាន់តែមានសមធម៌។
យោងតាមសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ជាក់ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើជីវភាពរស់នៅចំពោះកម្មករនិយោជិតដែលបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងកើនឡើងដល់ ១៩០ ដុល្លារអាមេរិក ហើយបើក២ដងក្នុងមួយខែនៅឆ្នាំ២០២០ ដោយមិនទាន់គិតប្រាក់ អត្ថប្រយោជន៍បន្ថែមផ្សេងៗទៀត។ រហូតមកដល់បច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជាវិស័យឧស្សាហកម្មនិងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់រោងចក្រសរុបមានចំនួនជាង ១៧០០ រោងចក្រ ដែលភាគច្រើនជារោងចក្រ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មធុនតូចនិងមធ្យម និងសិប្បកម្មជាង ៥២ពាន់ មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជិត ២ លាននាក់។ស្របនិងការរីកចម្រើនវិស័យឧស្សាហកម្មនិងសិប្បកម្មនេះ។
សារលិខិតបានបន្តថា រាជរដ្ឋាភិបាលបានគិតគូរ និងដោះស្រាយជូនបងប្អូននិយោជិត កម្មករ កម្មការិនី នូវ អត្ថប្រយោជន៍ជាច្រើនទៀត ដូចជាការពិនិត្យសុខភាព ការព្យាបាលជំងឺ ដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរបស់រដ្ឋ ការផ្ដល់នូវរបបឧបត្ថម្ភមាតុភាពចំនួន ៤០ ម៉ឺនរៀលសម្រាប់ការសម្រាលបានកូនមួយ តាមរយៈបេឡាជាតិ របបសន្តិសុខសង្គម(ប.ស.ស.) ហើយបានដាក់ឲ្យអនុវត្តនូវការ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម ២ ឆ្នាំនៃគ្រួសារមានប័ណ្ណសមធម៌ឬប័ណ្ណអាទិភាព ដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាពនិងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារនឹងបានបង្កើត មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្ដល់ការគាំទ្រផ្នែក សុខភាពប្រកបដោយគុណភាពនិងមិនគិតថ្លៃដល់កុមារកម្ពុជា និងការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈមិនគិតថ្លៃនៅពេលបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំខ្មែរផងដែរ។
សូមបញ្ជាក់ថា ទន្ទឹមនេះដែរ រាជរដ្ឋាភិបាលក៏បាននិងកំពុង ជួយពលករកម្ពុជា ដែលធ្វើការនៅបរទេសមានប្រមាណជាង ៦ ម៉ឺននាក់មានជាអាទិ៍ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហុងកុង និងប្រទេសអារ៉ាប៊ី សាអូឌីត ក្នុងការធានានូវផលប្រយោជន៍ស្របច្បាប់និងមុខជំនាញបច្ចេកទេស៕