សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាឲ្យបណ្តាញព័ត៌មានផ្សព្វផ្សាយនូវព័ត៌មានពិត

វិទ្យុជាតិកម្ពុជា​៖

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបន្តចូលរួមជួយផ្សព្វផ្សាយនូវព័ត៌មាន និង សារអប់រំសុខភាពរបស់ក្រសួងសុខាភិបាល ដែលមានសារប្រយោជន៍បម្រើដល់ការយល់ដឹងរបស់សាធារណជន ក្នុងការបង្ការការពារទប់ស្កាត់ការឆ្លងជំងឺនេះ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១០ ខែមេសានេះ បានអំពាវនាវឲ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមគោរពការណែនាំនានារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជាប្រចាំ លើសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសនៅក្នុងពេលចុះបំពេញការងារ ជៀសវាងចូលយកព័ត៌មាននៅកន្លែងមានជំងឺឆ្លង ដោយគ្មានការអនុញ្ញាត និងឬមិនបានការពារខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំក្បួនពីវេជ្ជសាស្ត្រ ព្រមទាំងត្រូវជៀសវាងការផ្សាយលាតត្រដាងអត្តសញ្ញាណអ្នកជំងឺ ដែលជាការរំលោភបំពានសិទ្ធិឯកជនរបស់បុគ្គល។
សេចក្តីអំពាវនាវរបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានទាញការចាប់អារម្មណ៍ថា មានសកម្មជននយោបាយជ្រុលនិយមបានកំពុងព្យាយាមធ្វើសកម្មភាពញុះញុង តាមរយៈការផ្ញើសារជាសំឡេងនិងជាអក្សរ ដល់កម្មករ-កម្មការីនី និងប្រជាជនខ្លះមិនឲ្យស្តាប់តាមការណែនាំក៏ដូចជាវិធានការនានារបស់អាជ្ញាធរ ក្នុងចេតនាអុជអាលបង្កើតកលយុគសង្គម ហើយបង្ករឲ្យមានគ្រោះថ្នាក់ដល់សុខភាពប្រជាជន ដោយគ្មានការទទួលខុសត្រូវ។
ដែលបញ្ហានេះ ទាមទារអ្នកសារព័ត៌មាន និងអ្នកនិយមបណ្តាញសង្គម គប្បីមានការថ្លឹងថ្លែង ប្រុងប្រយ័ត្ន ហើយរួមចំណែកបំផ្លាញចោលឧបាយកលទាំងនេះ ដើម្បីការពារអាយុជីវិតប្រជាជន ព្រមទាំងត្រូវជៀសវាងការដកស្រង់សម្តី ដោយការកាត់កងសម្តី យកទៅប្រើប្រាស់ក្នុងសំណេរ ឬការអត្ថាធិប្បាយណាមួយដែលផ្ទុយស្រឡះពីគោលគំនិតរបស់ប្រភពព័ត៌មាន។ បែបនេះគឺជាទង្វើមួលបង្កាច់ប្រភព និងជាការភូតកុហកបំភ័ន្តសាធារណជន។ ជៀសវាងការផ្សាយព័ត៌មាន និងការបញ្ចេញមតិ ដែលមានចេតនា ញុះញុង បញ្ឆេះកំហឹង បង្កើតកលយុគ ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងត្រូវការរួមគ្នាទប់ស្កាត់ការរីករាលដាលកូវីដ-១៩។
នៅគ្រប់បណ្តាប្រទេសនីតិរដ្ឋ ការផ្សព្វផ្សាយដែលបង្កប់ខ្លឹមសារ និងចេតនាបញ្ឆេះកំហឹង ឈានទៅបង្កើតកលយុគ្គសង្គម គឺប្រឈមការផ្ទន្តាទោសដោយច្បាប់ ដែលអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម តោងមានការយល់ដឹងនិងរលឹកដឹងជាប្រចាំ៕
អត្ថបទ៖ វ៉ាង ភក្តី ១០ ០៤ ២០២០