ក្រសួងពាណិជ្ជកម្ម ចរចាជុំទី២ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

វិទ្យុជាតិកម្ពុជា៖ ទៀក លឹមជូ 10,04,2020


ក្រសួងពាណិជ្ជកម្ម ចរចាជុំទី២ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាការចរចាបន្តពីជុំទី១ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២០- ២១ ខែមករា ឆ្នាំ 2020 កន្លងទៅ នៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យវឌ្ឍនភាពការងារតាមក្រុមការងារតូចៗ និងដោះស្រាយបញ្ហាសេសសល់មួយចំនួន ។
តាមសេចក្តីប្រកាសព័ត៏មានរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅថ្ងៃទី 9 ខែមេសា ឆ្នាំ ២០២០ កម្ពុជានិងចិនបានបញ្ចប់ការចរចាជុំទី២ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តាមរយៈកិច្ចប្រជុំតាមវីដេអូអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្ដម សុខ សុភ័ក្រ្ភ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមយ៉ាង ចឹងវ៉ី អគ្គនាយករងក្រសួងពាណិជ្ជកម្មចិន ។
ប្រភពបានបន្តថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិននេះ គឺជាគំនិតផ្ដួចផ្ដើម និងជាអាណត្តិដែលបានផ្ដល់ឲ្យដោយ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី គឺជាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី ២០-២៣ ខែមករា ឆ្នាំ ២០១៩ នៅទីក្រុងប៉េកាំង ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវានិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាសឧត្តមប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ ។
ប្រភពបានបញ្ជក់បន្ថែមថា ក្នុងការចរចាជុំទីពីរ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន ដោយក្រុមការងារចរចាទាំង ១០ ក្រុម ដែលទទួលបានតាមរយៈការផ្លាស់ប្ដូរយោបល់ និងចរចាយ៉ាងសកម្ម តាមមធ្យោបាយអនឡាញ ទោះបីប្រទេសទាំងពីរកំពុងមមាញឹក ក្នុងការអនុវត្តវិធានការការពារនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏ដោយ ។ ក្រុមការងារចរចានៃប្រទេសទាំងពី របានឯកភាពគ្នាលើជំពូកមួយចំនួននៅក្នុងជុំចរចាទី២នេះ ជាមួយជំពូកទាក់ទងនិងកិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយនិងផ្លូវ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ ក្នុងនោះដែលក្រុមការងារបានចរចា និងឯកភាព ជាគោលការណ៍លើបញ្ហានានាដែលមិនទាន់បានដោះស្រាយមួយចំនួនព្រមទាំងបានកំណត់គោលការណ៍និងដាក់ទិសដៅឲ្យក្រុមការងារតូចៗទាំង១០ យកទៅពិភាក្សាបន្តហើយរាយការណ៍ឲ្យប្រធានក្រុមចរចា មិនឲ្យលើសពីពាក់កណ្ដាលខែឧសភាឆ្នាំ ២០២០ ដើម្បីប្រធានក្រុមចរចានៃភាគីនីមួយៗ យកទៅពិភាក្សាផ្ទៃក្នុងរៀងៗខ្លួន សំដៅធានាដល់ការឯកភាពគ្នាទាំងស្រុង និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ នៅខែមិថុនាឆ្នាំ ២០២០តាមការគ្រោងទុក៕