រាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ១០.មេសា.២០២០៖

រាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់និងស្ពានតូចធំដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ អោយកាន់តែមានភាពងាយស្រួល។
យោងតាមសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការនូវ ផ្លូវជាតិលេខ ៧ មានប្រវែង ៩៣.៧០ គីឡូម៉ែត្រផ្លូវជាតិលេខ ១៣ មានប្រវែង ៦២.៤០ គីឡូម៉ែត្រ ផ្លូវជាតិលេខ ៥៣ និងផ្លូវជាតិលេខ ១៥១B មានប្រវែង ៧០.៦០គីឡូម៉ែត្រ។
សារលិខិតបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុមានប្រវែង ១៩០.០១ គីឡូម៉ែត្រ ក្រោមរូបភាព សាងសង់ ធ្វើអាជីវកម្មនិងផ្ទេរ (B.O.T.) បើកការដ្ឋានស្ថាបនាកំណត់ផ្លូវជាតិលេខ ២និងផ្លូវជាតិលេខ២២ មានប្រវែង ៧២.១៧គីឡូម៉ែត្រ និង បើកការដ្ឋានស្ថាបនាកំណត់ផ្លូវជាតិលេខ ១០ មានប្រវែង ១៩៨.៧២គីឡូម៉ែត្រ ព្រមទាំងការដាក់ឲ្យដំណើរការផ្លូវជាតិលេខ ៥៨ មានប្រវែង ១៧៤.១៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ ៥៥ មានប្រវែង ១៨២.១៦ គីឡូម៉ែត្រ។
សូមបញ្ជាក់ថា ការកសាងហេដ្ឋារចនា សម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តជាប់ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាជន ហើយរហូតមកដល់បច្ចុប្បន្ន សមិទ្ធផលជាច្រើន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះមានផ្លូវជាតិ ផ្លូវខេត្តផ្លូវលំជនបទ ស្ពានឆ្លងកាត់ទន្លេ ស្ពានអាកាសក្នុងរាជធានីភ្នំពេញ៕