ប្រជាពលរដ្ឋនិងមន្ត្រីរាជការ គាំទ្ររាជរដ្ឋាភិបាលចំពោះការប្រកាស ផ្អាកការឈប់សម្រាកក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ១០ មេសា ២០២០៖

ប្រជាពលរដ្ឋ និងមន្ត្រីរាជការ គាំទ្ររាជរដ្ឋាភិបាលចំពោះការប្រកាស ផ្អាកការឈប់សម្រាកក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ទៅកាន់សហគមន៍ ខណៈបច្ចុប្បន្នកម្ពុជាកំពុងតែរកឃើញមានករណីអ្នកឆ្លងថ្មីជាបន្ត បន្ទាប់។
លោក ឈឿន សារ៉ាន់ ប្រជាពលរដ្ឋ រស់នៅខេត្តកំពង់ចាម ដែលមកធ្វើការនៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា លោកសប្បាយចិត្តនៅពេលដែលឃើញរាជរដ្ឋាភិបាល សម្រេច ផ្អាកការឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយលើកពេលសងសមស្របណាមួយវិញ នៅពេលដែលការរីករាលនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយឡើងវិញ។
“បើរដ្ឋាភិបាលគាត់មានការផ្អាកនៅបុណ្យចូលឆ្នាំហ្នឹងហើយគាត់បានលើកទៅអោយនៅថ្ងៃក្រោយ គឺជាការល្អហើយ ដើម្បីការពារទប់ស្កាត់ប្រជាពលរដ្ឋទូទៅ។ ហើយយើងក៏ត្រូវដែរដែលបានគាត់ជួយការពារយើងទាំងអស់គ្នា។ រួចហើយជួនកាលនៅពេលដែលយើង បណ្ដោយអោយទៅស្រុកមានជំងឺផ្សេងៗអាចឆ្លង ព្រោះយើងមិនដឹងឯណា បើយើងនៅដាច់ដោយឡែកអញ្ចឹងក៏ល្អដែរ “។
ចំណែក លោកស្រី ប៊ុន សុភា ជាមន្ត្រីរាជការរស់នៅរាជធានីភ្នំពេញ បានអោយដឹងដែរថា លោកស្រី គាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ហើយ លោកស្រីនឹងទៅធ្វើការធម្មតា ប៉ុន្តែចំពោះការទទួលទេវតា គឺលោកស្រីនឹងរៀបចំតាមទំនៀមទំលាប់ដដែល ដោយធ្វើនៅតាមផ្ទះ ជាធម្មតា។
សូមបញ្ជាក់ថា នៅថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ២០២០នេះ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ប្រកាសថា ស្ថាប័នរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជន ពិសេសកម្មករ-កម្មការីនីកាត់ដេរ ត្រួវបន្តធ្វើការដូចធម្មតា ជាពិសេសសូមកុំធ្វើដំណើរទៅស្រុកកំណើត ឬមានកម្មវិធីប្រមូលផ្តុំគ្នាដោយរាជរដ្ឋាភិបាលនឹងសងថ្ងៃឈប់សម្រាក៥ថ្ងៃវិញ នៅពេលដែលបញ្ហាវីរុសកូវីដ១៩ត្រូវបានបញ្ចប់ ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តអោយប្រជាជនកម្ពុជារៀបចំពិធីនេះ នៅតាមផ្ទះរៀងៗខ្លួន និងជៀសវាងការជួបជុំដែលមានមនុស្សច្រើន ដើម្បីកុំអោយមានការឆ្លងមេរោគនេះ៕