សេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នឆ្លងការអនុម័តពីរដ្ឋសភារួចរាល់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១០ ០៤ ២០២០៖

សេចក្តីព្រាងច្បាប់ស្តីពិការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានអង្គរដ្ឋសភាអនុម័តរួចរាល់ហើយនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ដោយរង់ចាំតែការឆ្លងយោបល់សម្រេចបន្ថែមពីសមាជិកព្រឹទ្ធសភា សមាជិកប្រឹក្សាធម្មនុញ្ញ និងការឡាយប្រហត្តលេខាពីអង្គព្រះមហាក្សត្រ ឬប្រមុខរដ្ឋស្តីទី ដើម្បីចូលជាធរមានតែប៉ុណ្ណោះ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលមាន៥ជំពូក និង១២មាត្រា ត្រូវបានអង្គរដ្ឋសភាអនុម័តជាឯកច្ឆន្ទដោយសំឡេងគាំទ្រចំនួន១១៥រូប ក្រោមការដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានវត្តមានចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។
ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា មានប្រសាសន៍ថា ក្នុងខណៈប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ជាអាទិ៍៖ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស ភាពវឹកវរ និងជំងឺរាតត្បាត ជាដើម គឺអាចដាក់ប្រទេសក្នុងគ្រាអាសន្ន ក្នុងរយៈកាលកំណត់ ឬលក្ខខណ្ឌណាមួយ ដូចបានកំណត់ក្នុងច្បាប់នេះ។
បើតាមប្រសាសន៍របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។ ឯកឧត្តមបន្តថា ការដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស ជាដើម។
សំឡេង៖ «ឆ្លងតាមការស្រាវជ្រាវផ្នែកច្បាប់…………………….ស្តារឡើងវិញនូវសុខភាពសាធារណៈ
តាមសេចក្តីព្រាងច្បាប់ដែលត្រូវបានរដ្ឋសភាអនុម័តនេះ បានកំណត់ថា ការដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ហើយអាចធ្វើឡើងក្នុងថេរវេលាមិនឲ្យលើសពី៣ខែ ឬអាចបន្តបានដោយយោងតាមស្ថានភាពជាក់ស្តែងរបស់សង្គម។
ក្នុងអំឡុងពេលនៃការដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ននេះ នឹងត្រូវបានហាមឃាត់ ឬ កម្រិតការចែកចាយ ឬ ផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឲ្យមានការភ័យខ្លាចដល់សាធារណជន ឬ ចលាចល ឬ ដែលនាំឲ្យខូចខាតដល់សន្តិសុខជាតិ ឬ ធ្វើឲ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។ ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើតយន្តការ ឬ ប្រគល់សិទ្ធិអំណាចទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬ ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីធានាដល់ការអនុវត្តវិធានការចាំបាច់ណាមួយ។
ចំពោះអំពើមិនគោរពវិធានការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដោយនាំឲ្យមានចលាចលជាសាធារណៈ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល៕