ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19ខេត្តប៉ៃលិនជំរុញឱ្យអោយរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺ COVID-19

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានបៃលិន

ប៉ៃលិន៖ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខេត្តប៉ៃលិនជំរុញឱ្យអោយរួមគ្នាបង្ការនិងទប់ស្កាត់ជំងឺCOVID-19ដើម្បីកុំអោយជំងឺនេះរាលដាលដល់សហគមន៍។

ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ ត្រូវគ្រប់គ្រងពលករដែលទើបត្រលប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់ នឹងត្រូវអប់រំ ណែនាំ និងតាមដានសុខភាពរបស់ពួកគាត់ឱ្យបានជាប្រចាំ បើមិនស្រួលត្រូវរាយការទៅមន្ត្រីសុខាភិបាល។

ឯកឧត្តម ផាន់ ចាន់ធុល ក៍បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយពេលចេញទៅខាងក្រៅត្រូវពាក់ម៉ាស់ ឬរុំក្រមាជានិច្ច និងលាងសម្អាតដៃជាប្រចាំ ជាមួយអាល់កុល ឬសាប៊ូ ហើយត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានអាការៈគួឲ្យសង្ស័យ ដូចជា៖ ក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមជាដើម ។ក្នុងករណីមានប្រជាពលរដ្ឋណាដែលទើបត្រឡប់ពីបរទេសត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាមៗ។ ឯកឧត្តមបន្តថា៖សម្រាប់ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេលកន្លងមកនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថាក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។

សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី២២ ខែមិនា រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានពលករទើបត្រលប់មកពីក្រៅប្រទេសសរុប ចំនួន ៩០៧នាក់ ស្រី ៤៣៤នាក់ ដោយក្នុងនោះក្រុងប៉ៃលិន ចំនួន៣៨០នាក់ ស្រី ១៨៧នាក់ និងស្រុកសាលាក្រៅចំនួន ៥២៧នាក់ ស្រី ២៤៧នាក់៕

ញ៉ឹប បូរី ប៉ៃលិន