ឆ្នាំ ២០១៩ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗទៅលើគ្រប់វិស័យ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ជាង៧ភាគរយជារៀងរាល់ឆ្នាំ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ១០.មេសា.២០២០៖

រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗទៅលើគ្រប់វិស័យ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ជាង៧ភាគរយជារៀងរាល់ឆ្នាំ។
យោងតាមសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ជាក់ថាក្នុងឆ្នាំ ២០១៩ កន្លងទៅ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនខ្ពស់ប្រមាណ៧.១ភាគរយ ដែល កំណើនដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្ដសាលសំណង់កសិកម្ម និងសេវាកម្ម ដូចជា ទេសចរណ៍និងអចលនទ្រព្យជាដើម។
សារលិខិតបានបន្តថា កម្ពុជាកំពុងតែផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេស ដែលពឹងផ្អែកលើវិស័យឧស្សាហកម្មនិងសេវាកម្ម ។កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ននឹងធ្វើឲ្យសេដ្ឋកិច្ចមានស្ថេរភាពហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែងព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក។ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង៣ម៉ឺនលានដុល្លារអាមេរិក ចំណែកឯការនាំចេញមានប្រមាណជាង ១ម៉ឺនលានដុល្លាអាមេរិក អត្រាប្ដូរប្រាក់មានស្ថិរភាព អត្រាអតិផរណា ស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ទុកបម្រុងអន្តរជាតិបានកើន ជារៀងរាល់ឆ្នាំ ដោយវិនិយោគផ្ទាល់ពីបរទេសមានកំណើនល្អ និងតុល្យភាពជញ្ជីង ទូទាត់ក៏មានភាពកាន់តែប្រសើរឡើង។
សម្តេចតេជោ បានប្រកាសពីការប្ដេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការកែទម្រង់ ឲ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្ត ដល់អ្នកវិនិយោគឲ្យមកបោះទុន នៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនមានការរើសអើងដោយកម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ ដែលបង្ហាញឱ្យឃើញតាមរយៈសូចនាករ សង្គមជាពិសេសការកើតឡើង នៃផលិតផលក្នុងស្រុកសរុប ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១៥៤៨ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ដល់ប្រមាណ១៦៧៩ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយមកក្រោម ១០ភាគរយ ក្នុងឆ្នាំ ២០១៩ នឹងបន្តធ្លាក់ចុះថែមទៀតនៅឆ្នាំ ២០២០ នេះ ម៉្យាងទៀតកម្ពុជារក្សាបានសន្តិសុខការងារ ដោយអត្រាគ្មានការងារមានប្រមាណ ០.៣ ភាគរយប៉ុណ្ណោះ ហើយគម្លាតនៃ ប្រាក់ចំណូលរបស់ប្រជាជន ក៏មានការធ្លាក់ចុះជាលំដាប់ផងដែរ។
ទន្ទឹមនេះដែរ រាជរដ្ឋាភិបាលក៏បានរៀបចំបង្កើនប្រាក់ចំណូលជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឲ្យទទួលបាននូវប្រាក់បៀវត្សកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងឆ្នាំ ២០១៩ កន្លងទៅ ប្រាក់បៀរវត្សអប្បបរមាមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ បានកើនដល់កម្រិតជាង១.១លានរៀល ហើយការបើកប្រាក់បៀវត្សបានធ្វើឱ្យទាន់ពេលវេលា គឺបើក២ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ៕