រដ្ឋមន្ត្រីអប់រំ ក្រើនរំលឹកដល់បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាល បើយើងមិនផ្លាស់ប្តូរទម្លាប់ កូវីដនឹងផ្លាស់ប្តូរយើង

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០៖

រដ្ឋមន្ត្រីអប់រំ ក្រើនរំលឹកដល់បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាល យើងមិនផ្លាស់ប្តូរទម្លាប់ កូវីដនឹងផ្លាស់ប្តូរយើង ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដានវីរុសកូវីដ១៩ ទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសរសេរសារដោយផ្ទាល់ដៃ តាមរយៈគេហទំព័ររបស់ក្រសួងអប់រំ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះថា ប្រសិនបើ យើងមិនផ្លាស់ប្តូរទម្លាប់ កូវីដនឹងផ្លាស់ប្តូរយើង ដូច្នេះយើងត្រូវរួមគ្នាធានាសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជា យើងទាំងមូល ដោយត្រូវអនុវត្ត តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ពិសេសបន្តធ្វើការនៅក្នុងឱកាសចូលឆ្នាំថ្មី មិនត្រូវធ្វើដំណើរឆ្លងស្រុក និងឆ្លងខេត្ត ក្នុងគោលដៅកុំឲ្យមេរោគកូវីដ១៩ ឆ្លងរាលដាលចូលក្នុងសហគមន៍របស់យើង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសំណូមពរដល់បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាល ត្រូវធ្វើអនាម័យ ដោយលាងដៃនឹងសាប៊ូ និងទឹកស្អាត លាងជាមួយទឹកអាល់កុល រួមជាមួយការណែនាំផ្លូវការរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវជឿជាក់លើការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់គិតគូរនៅសុខភាព សុវត្ថិភាពរបស់បងប្អូនប្រជាជនទាំងអស់ និងយកជ័យជម្នះលើមេរោគកូវីដ១៩ ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបួងសួងសុំឲ្យទេវតាឆ្នាំថ្មី នាំមកនូវសុខភាពល្អ និងសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តដល់បុគ្គលិកអប់រំ សិស្សានុសិស្ស និងមាតាបិតា អ្នកអាណាព្យាបាលទាំងអស់ នឹងបងប្អូនទូទាំងប្រទេសផងដែរ ៕