រាជរដ្ឋាភិបាលកម្ពុជា បន្តប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ រហូតផុតដំណាក់កាលដ៏លំបាកនេះនាពេលឆាប់ៗខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ០៩.មេសា.២០២០៖

រាជរដ្ឋាភិបាលកម្ពុជា បន្តប្រយុទ្ធប្រឆាំងមេរោគកូវីត១៩ រហូតផុតដំណាក់កាលដ៏លំបាកនេះនាពេលឆាប់ៗខាងមុខនេះ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋនិងរក្សានៃកំណើនសេដ្ឋកិច្ចជាតិ។
យោងតាមសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ជាក់ថាបណ្តាប្រទេសនៅលើពិភពលោកបាននឹងកំពុងទទួលរងផលប៉ះពាល់ជាសកលពីមេរោគកូវីត១៩ ការឆ្លងរាលដាលនៃជម្ងឺ នេះ កំពុងមានសភាពធ្ងន់ធ្ងរ និងមិនទាន់មានសញ្ញាថមថយនៅឡើយដែលប្រឈមនឹងផលវិបាកដោយសារមេរោគកូវីត១៩ ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការចាំបាច់ និងបន្ទាន់ជាបន្តបន្ទាប់ ដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជួយសម្រាលបន្ទុក ប្រជាជនប្រកបមុខរបរក្នុងវិស័យផលប៉ះពាល់ជាអាទិ៍ វិស័យទេសចរណ៍ និងឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ស្បែកជើងនិងកាបូបជាដើម ។
សារលិខិតបានបន្តថា រាជរដ្ឋាភិបាលក៏បានសម្រេចបិទជាបណ្ដោះអាសន្ននូវគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន គ្រប់កម្រិត ការប្រគុំតន្ត្រី ការជួបជុំលក្ខណៈសាសនា រោងភាពយន្ត ក្លឹបកម្សាន្តនិងខារ៉ាអូខេផងដែរ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល ក៏បានបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីត១៩ ព្រមទាំងបានបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ និងណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានីខេត្តឲ្យកំណត់ទីតាំងជាក់លាក់ ដូចជាសណ្ឋាគារ ផ្ទះសំណាក់និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដែល មានប្រព័ន្ធទឹកភ្លើង គ្រែស្រាប់ ឬសាលារៀនក្នុងករណីមិនអាចរកទីតាំងសមរម្យបានដើម្បីត្រៀមទទួលនិងព្យាបាលជំងឺកូវីត១៩។
សម្តេចតេជោ សូមអំពាវនាវដល់បងប្អូនប្រជាជននៅទូទាំងប្រទេស ឲ្យបន្តអនុវត្តវិធានការ ថែរក្សា អនាម័យសុខភាពឱ្យបានខ្ជាប់ខ្ជួន ចូលរួមសហការអោយបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ៕