សិង្ហបុរីរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន២៨៧ករណីទៀតភាគច្រើនពាក់ព័ន្ទនឹង ករណីឆ្លងមុនៗនៅអន្តេវាសិកដ្ឋានពលករបរទេស

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង

ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៨៧ករណីបន្ថែមទៀតដែលជាចំនួនកើនឡើងខ្ពស់បំផុតទ្វេរដងរហូតមកដល់ពេលនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Aisa ។ យោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើ មាន២១៩ករណីមានការពាក់ព័ន្ធទៅនឹងចង្កោមនៃករណីឆ្លងមុនៗនៅក្នុងអន្តេវាសិកដ្ឋានពលករបរទេសនៅសិង្ហបុរី។លោកវេជ្ជបណ្ឌិត Kenneth Mak ប្រធានផ្នែកសេវាកម្មវេជ្ជសាស្រ្តនៃក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងនៅតាមទីកន្លែងស្នាក់អាស្រ័យរបស់ពលករបរទេស គឺអាចមកពីការចម្លងពីមជ្ឈមណ្ឌលផ្សារទំនើបមូស្តាហ្វា (Mustafa Centre) ដោយកម្មករបានទៅលេងកម្សាន្តនៅទីនោះ ហើយពួកគេបានចម្លងទៅសហសេវិករបស់ពួកគេជាបន្តបន្ទាប់។លោកវេជ្ជបណ្ឌិតបានបន្តថា ការឆ្លងភាគច្រើនទំនងជាកើតឡើងតាមរយៈកាទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ឧទាហរណ៍នៅពេលបរិភោគអាហារ ពេលសម្រាក និងរវាងមិត្តរួមការងារនៅកន្លែងធ្វើការ ដោយសារភាពជិតស្និទ្ធនៃរាងកាយនៅកន្លែងធ្វើការ និងនៅក្នុងអន្តេវាសិកដ្ឋានដែលកំពុង ស្នាក់នៅ។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះនៅប្រទេសសិង្ហបុរីមានករណីឆ្លងសរុបនៃជំងឺ COVID-19 ចំនួន ១,៩១០ករណី ស្លាប់ ៦នាក់ និងអ្នកដែលបានជាសះស្បើយចំនួន ៤៦០ នាក់៕
ប្រភព៖សារព័ត៌មាន Channel News Aisa