មន្ត្រី​សាលាខេត្ត​ត្បូងឃ្មុំ ធ្វើការ​ជាធម្មតា​នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​៖ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ សំណេះសំណាល លើកទឹកចិត្ត​មន្ត្រី ចែកជូន​ថវិកា ប្រេងសាំង ក្រមា អាកុល និង​ម៉ាស់​មួយចំនួន​

(​ត្បូងឃ្មុំ​)៖ ដើម្បី​លើកទឹកចិត្ត​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ នៃ​សាលាខេត្ត​ត្បូងឃ្មុំ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ការងារ​យ៉ាង​សស្រាក់សស្រាំ​នាពេល​កន្លងមក ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ ម៉េង វ៉ាន់ដា​នី​ន បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​លើកទឹកចិត្ត​ដោយ​ចែកជូន​ថវិកា និង​ប្រេងសាំង​មួយចំនួន​។​

​បន្ថែម​លើសពីនេះ ឯកឧត្តម​បណ្ឌិត ក៏បាន​ចែកជូន​នូវ​ក្រមា​ដែលមាន​ប៉ាក់​អក្សរ​និង​logo ខេត្ត​ត្បូងឃ្មុំ ម៉ាស់ និង​អាកុល​លាងដៃ​មួយចំនួន ដើម្បី​ការពារ​ខ្លួន​ផង និង​ចូលរួម​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម​ច័ន្ទ​សោភ័ណ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​សាលាខេត្ត​ត្បូងឃ្មុំ​ទាំងអស់ និង​ណែនាំ​បន្ត​សាមគ្គីភាព​ផ្ទៃក្នុង ខិតខំ​បំពេញភារកិច្ច​ការងារ​រៀងៗ​ខ្លួន ដោយ​ឈរលើ​គោលដៅ​ដែល​ខ្លួន​មាន ត្រូវមាន​អាកប្បកិរិយា​ល្អ​សមរម្យ​ជា​មន្ត្រី​បំរើ​រាស្ត្រ បន្ត​រៀនសូត្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជុំវិញខ្លួន ដោយ​ដាក់ខ្លួន​ឲ្យ​ទាប ដូច​សុភាសិត​មួយ​បាន​លើកឡើងថា​«​ងើយ​ស្កក ឱនដាក់គ្រាប់​»
​ដែល​លោកឪពុក​លោក តែងតែ​ប្រៀនប្រដៅ ចង់ចាំ​នៅក្នុង​ចិត្ត​តាំងពី​តូច​រហូតមកដល់​បច្ចុប្បន្ន​នេះ ។​

​ឯកឧត្តម​បណ្ឌិត បាន​គូស​បង្ហាញថា អាកប្បកិរិយា ចំណេះដឹង និង​ទំនាក់ទំនង សំខាន់បំផុត​សម្រាប់​សម្រេច​ការងារ នាពេល​បច្ចុប្បន្ន និង​ទៅកាន់​អនាគត ដោយ​កុំ​មើល​មើលស្រាល​នូវ​តួនាទី និង​អ្វីដែល​ខ្លួន​មាននៅ​ពេល​បច្ចុប្បន្ននេះ​។​

​ជាក់ស្ដែង​ដូច​រូប​ឯកឧត្តម​ជាដើម ពី​មន្ត្រីរាជការ​ធម្មតា បន្ត​ឡើង​អនុប្រធាន​ការិយាល័យ អនុប្រធាន​មន្ទីរ ប្រធាន​មន្ទីរ​រហូត​ឡើងជា​អភិបាលរង​ខេត្ត និង​អភិបាលខេត្ត​នៅពេល​បច្ចុប្បន្ននេះ ទាំងនេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​តាម​ឋានានុក្រម​លំដាប់ថ្នាក់ ដែល​ឯកឧត្តម​ធ្លាប់បាន​ឆ្លងកាត់ ។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ និង​មន្ត្រីរាជការ​សាលាខេត្ត​ត្បូងឃ្មុំ​ទាំងអស់ នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខាងមុខនេះ គឺ​នៅ​ធ្វើ​ការងារ​ជាធម្មតា ដោយ​មិនមាន​ឈប់សម្រាក​នោះឡើយ ដើម្បី​រួមគ្នា​ជាមួយ​សម្ដេច​តេ​ជោ​ហ៊ុនសែន ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ប្រជាជន​ទូទាំងប្រទេស រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដោយ​ស្របតាម​ពាក្យស្លោក​៖
«​ខ្ញុំ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​ដោ​យមក​ត្រូវការ​ជាធម្មតា​នៅ​ថ្ងៃ​ចូល​ឆ្នាំនេះ​, ចង់​ឈ្នះ​កូ​វីដ នាំគ្នា​ធ្វើ​ការងារ​ធម្មតា​ក្នុង​ថ្ងៃ​ចូលឆ្នាំ​នេះ​, ខ្ញុំ​សុំ​ផ្អាក​ចូលឆ្នាំ​មួយឆ្នាំ​សិន​ដើម្បី​ការពារ​ជីវិត​ខ្ញុំ និង​គ្រួសារ​ជាទី​ស្រឡាញ់​របស់ខ្ញុំ​»​។​

​ជាមួយគ្នា​នោះ លោកជំទាវ ម៉េង វ៉ាន់ ដា​នី​ន ប្រធានកិត្តិយស​សមាគម​ន៍​នារី​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍ បានប្រគល់​ជូន​ថវិការ​មួយចំនួន​ដល់​សមាគមន៍ ដើម្បី​ទ្រ​ទង់​លើ​កិច្ចការងារ​នា​ឆ្នាំ​ថ្មី​នេះ​ផងដែរ​។​

​សូមជម្រាបថា ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​មន្ត្រី​សាលាខេត្ត​គ្រប់លំដាប់​ថ្នាក់ ដោយ​ផ្តល់ជូន​ថវិកា សរុប​ទាំងអស់​៤៤,៥០០,000​រៀល និង​ប្រេងសាំង ៩,៦៥០​លីត្រ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​