ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសខិតខំបន្តថែរក្សាការពារសន្តិភាពស្ថិរភាពនយោបាយសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈឲ្យបានកាន់តែរឹងមាំបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ០៩.មេសា.២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសខិតខំបន្តថែរក្សាការពារសន្តិភាពស្ថិរភាពនយោបាយសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈឲ្យបានកាន់តែរឹងមាំបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើន។
យោងតាមសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំពុះពារគ្រប់បែបយ៉ាងជាបន្តទៀត ដើម្បីបន្តថែរក្សាការពារសន្តិភាពស្ថិរភាពនយោបាយសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈឲ្យបានកាន់តែរឹងមាំការពាររដ្ឋធម្មនុញ្ញការពាររបបរាជានិយមស្របតាមបាវចនាជាតិសាសនាព្រះមហាក្សត្រនិងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទាំងមូលសម្រេចបាននាពេលកន្លងទៅ ។ទន្ទឹមនឹងនេះដែររាជរដ្ឋាភិបាលនឹងបន្តការធ្វើ កំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅតាមអភិក្រម«ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងនោះដែលមានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍន៍ធនធានមនុស្ស ការកែលម្អប្រព័ន្ធអប់រំឲ្យកាន់តែមានគុណភាពខ្ពស់ ដោយផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចឌីជីថល បដិវត្តន៍ឧស្សាហកម្មទី ៤ ទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេសនិងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការ
កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំណង់ ផ្លូវស្ពាន និងធារាសាស្រ្ត បង្កើនប្រភពថាមពលអគ្គិសនី បន្តពង្រីកបណ្ដាញចែកចាយថាមពលអគ្គិសនីឲ្យបានគ្របដណ្តប់ នៅទូទាំងប្រទេស។ជាពិសេសនៅតាមប៉ូសេដ្ឋកិច្ចសំខាន់ៗ អភិវឌ្ឍវិស័យ ឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត។ជាមួយគ្នានោះ សម្តេចតេជោ ក៏បានអរគុណដល់ជនរួមជាតិដែលបានគាំទ្រសារនយោបាយរបស់សម្តេច គឺ អរគុណសន្តិភាព ដែលមានតំលៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។មនុស្សគ្រប់គ្នាត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះដែល ចង់បំផ្លាញសន្តិភាព។អរគុណសន្តិភាព បានក្លាយជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព។