ក្រសួងព័ត៌មាននឹងពង្រីកប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋអោយកាន់តែទូលំទូលាយទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី ៖

 ក្រសួងព័ត៌មានបន្តជំរុញប្រព័ន្ឋផ្សព្វផ្សាយឲ្យបានទូលំទូលាយទូទាំងប្រទេសដើម្បីអោយប្រជាពលរដ្ឋបានស្តាប់ និងទស្សនា ព័ត៌មាន និងកម្មវិធីកំសាន្តនានាកាន់តែទូលំទូលាយ។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងព័ត៌មានកាលព្រឹកថ្ងៃទី៩ ខែមេសា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការពង្រីកប្រព័ន្ធផ្សព្វផ្សាយ អោយបានទូលំទូលាយនេះ ក្នុងគោលដៅឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពាក់ព័ន្ធនឹងព្រឹត្តការណ៏ធំៗជាច្រើន ទាំងវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច អភិវឌ្ឍន៍ វប្បធម៌ ប្រពៃណី សន្តិសុខសណ្តាប់ធ្នាប់សង្គមជាដើម។
សំឡេង៖ ក្រសួងនិងបន្តជំរុញឲ្យប្រព័ន្ឋផ្សព្វផ្សាយជាតិទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រីកវិសាលភាពផ្សព្វផ្សាយរបស់ឲ្យបានទូលំទូលាយផ្សព្វផ្សាយរាល់សមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹងនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនិងចូលរួមចំណែកផ្សព្វផ្សាយលើកស្ទួយសីលធម៌សង្គមប្រពៃណីជាតិដ៏ល្អការលើកកម្ពស់អត្តសញ្ញា ណជាតិនិងកិត្យានុភាពរបស់កម្ពុជាផងដែរ។
ឯកឧត្តមបានបន្ថែមទៀតថា រាល់ព្រឹត្តការណ៏ទាំងអស់នេះ ប្រពន្ធ័ផ្សព្វផ្សាយរដ្ឋទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ បានយកចិត្តទុកដាក់ ផ្សាយបានទាន់ពេលវេលា ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីអោយប្រជាពលរដ្ឋគ្រប់ទិសទីបានដឹងបានយល់តាមរបៀបផ្សាយប្រទាក់ក្រឡាគ្នាពីថ្នាក់ជាតិទៅថ្នាក់រាជធានី និងថ្នាក់ខេត្តមកថ្នាក់រាជធានី ។
ក្នុងឱ្យអនុញាតិឱ្យមន្ត្រីក្រោមឱវាទចូលជួប និងជូនពរឆ្នាំថ្មីនាព្រឹកថ្ងៃទី៩ខែមេសានេះ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារិទ្ធ មានប្រសាសន៍ថា ក្រសួងព័ត៌មានបានគ្រោងនឹងតម្លើងអង់តែនចំនួន២៧ បន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីបំរើដល់ការផ្សាយតាមប្រព័ន្ធឌីជីថល ស្របតាមការវិវត្ដនៃការរីកចម្រើនរបស់សង្គមជាតិ។ នៅពេលខាងមុខនេះ ក៏គ្រោងនឹងបង្កើតប៉ុស្ដិ៍ទូរទស្សន៍ចំនួន២បន្ថែមទៀត ក្នុងការបង្កើតកម្មវិធីព័ត៌មាន អប់រំ កម្សាន្ដ និងវប្បធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់អ្នកទស្សនា និងអ្នកស្ដាប់កម្សាន្ដឱ្យបានទូលំទូលាយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងព័ត៌មាន មានប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋជាច្រើន ដូចជា វិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា អាកាប៉េ កម្មវិធីព័ត៌មាន ឆ្លាតវៃរបស់ក្រសួង និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍នៅថ្នាក់រាជធានីខេត្តជាច្រើនផងដែរ៕