សម្ដេចតេជោ ផ្ញើសារលិខិតជូនពរសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

វិទ្យុជាតិកម្ពុជា:ស្រីផល ០៩.០៤.២០២០៖

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
នៅក្នុងឪកាសដ៏មង្គលាភិរម្យថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣,១៤,១៥និង១៦ ខែមេសាឆ្នាំទី២០២០ វេលាម៉ោង ២០:៤៨ នាទីយប់ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាលព្រមទាំងមន្ត្រីរាជការទូទាំងប្រទេសទាំងអស់សូមព្រះបរមរាជានុញ្ញាត សូមសំដែងនូវអំណរសាទរឥតឧបមា និងចូលរួមជូននូវសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឈនា មហាប្រសើរគ្រប់ប្រការជូនចំពោះសម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមបានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភាជាស្ថាប័ននីតិបញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវជ័យជំនះថ្មីៗច្រើនទៀត រួមចំណែកអភិវឌ្ឍនិងកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាជាទីស្នេហានៃយើងទាំងអស់គ្នា មានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនគ្រប់រូប។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឬក្សប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឬទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្ខសិទ្ធទាំងឡាយក្នុងលោកទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំជូតទោស័ក ព្រះនាមគោរាគ:ទេវី សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះសម្ដេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។