រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ប្រគល់បណ្ណ័កម្មសិទ្ធិលំនៅឋានដែលតំលៃមានសមរម្យចំនួន ៦៨០ខ្នង ដល់ប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ៖

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ប្រគល់បណ្ណ័កម្មសិទ្ធិលំនៅឋាន ចំនួន ៦៨០ខ្នង ដល់ប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ ដែលមានចំណូលមធ្យម និងទាប ដើម្បីទទួលបានលំនៅឋានសមរម្យក្នុងការរស់នៅ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ៖
ក្នុងពិធីប្រគល់លំនៅឋានសមរម្យជូនដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា នេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងវិស័យឯកជន អនុវត្តតាមគោលនយោបាយជាតិស្តីពីលំនៅឋាន និងគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យជូនដល់បងប្អូនប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋសូមចូលរួមអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវរួមគ្នាថែរក្សាអនាម័យដោយលាងដៃនឹងសាប៊ូ លាងជាមួយទឹកអាល់កុល ទទួលទាន ចំណីអាហារដែលចំអិនឆ្អិនល្អ និងសំអាតបរិស្ថានជុំវិញខ្លួនឲ្យស្អាតជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
លោកស្រី មករា ដែលជាម្ចាស់លំនៅឋាន ទីក្រុងរណបសិរីមង្គល ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់វិទ្យុជាតិកម្ពុជាថា រាជរដ្ឋាភិបាលបានសហការជាមួយនិងក្រុមហ៊ុន វើលដ៍ប៊្រីដ ហូម បង្កើតគម្រោងលំនៅឋានដែលមានតំលៃសមរម្យ ជូនដល់ប្រជាពលរដ្ឋដែលមានចំណូលមធ្យម អាចមានលទ្ឋភាពទិញបាន។លោកស្រី បន្តថា លំនៅឋាននេះ គឺជាលំនៅឋានប្រកបដោយមានគុណភាពរឹងមាំ សោភណ័ភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចប្រកបអាជីកម្មបានផងដែរ ។
សំលេង ៖ ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលឲ្យគាត់បញ្ចុះតម្លៃបន្តទៀត ដើម្បីឲ្យប្រជាពលរដ្ឋដូចពួកខ្ញុំបានផ្ទះល្អនៅគ្រប់ៗគ្នា មើលទៅស្អាត គុណភាពសំណង់រឹងមាំល្អ ហើយប្រព័ន្ធទឹកភ្លើងមានស្រាប់តែម្ដង ពេលដែលចូលមកនៅមានហើយល្អ សេវាល្អគ្រប់គ្រាន់ មានទាំងសួន ពេលល្ងាចឡើងយើងចាស់ៗអាចហាត់ប្រាណដើម្បីសុខភាពទាំងអស់គ្នា ។
គួរបញ្ជាក់ដែរថា គម្រោងលំនៅឋានដែលមានតម្លៃសមរម្យនេះមានចំនួន ៥គម្រោង រួមមាន៖ ទី១ រាជធានីភ្នំពេញ ចំនួន២គម្រោង ទី២ ខេត្តកណ្តាល ចំនួន ២គម្រោង និងទី៣ ខេត្តបន្ទាយមានជ័យ ចំនួន ១គម្រោង ៕