ក្រសួងការងារ បានណែនាំដល់កម្មករ និយោជិត ប្រសិនបើឈប់សំរាកក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក រយៈពេល ១៤ថ្ងៃ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៩ ០៤ ២០២០៖

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់កម្មករ និយោជិត ប្រសិនបើឈប់សំរាកក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក រយៈពេល ១៤ថ្ងៃ ដើម្បីការពារកុំឲ្យមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងទៅសហគមន៍ ។
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការលើកការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ដែលវិទ្យុជាតិកម្ពុជាទទួលបាន ឲ្យដឹងថា ក្រសួង សូមបញ្ជាក់បន្ថែមដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្តីពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០នេះ ដូចជា កម្មករនិយោជិតត្រូវបន្តធ្វើការដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន របស់ខ្លួន ។ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករនិយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ ។ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោជកនោះកម្មករនិយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល(ការដាក់ឱ្យនៅដោយឡែក)រយៈ ពេល ១៤ថ្ងៃមុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើ ចត្តា ឡីស័កនេះ ។ និយោជកត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករនិយោជិតដែលឈប់សម្រាកក្នុងអំឡុងពេលនេះដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក)។
ដូច្នេះសូមម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ៕